ទួរគី៖ ប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយលោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងនេះ បានចូលរួមនៅក្នុងពិព័ណ៍ទេសចរណ៍អន្តរជាតិ EMITT 2019 លើកទី២៣ ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងអ៊ីស្តាន់បុល ប្រទេសទួរគីដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ពីទួរគី និងបណ្តាអ្នកទេសចរណ៍មកពីប្រទេសនានានៅអឺរ៉ុប មកទស្សនាកម្ពុជាបន្ថែមទៀត។
កម្មវិធីនេះក៏មានការចូលរួមពីក្រុមហ៊ុនឯកជនកម្ពុជាចំនួន៣ក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញទេសចរណ៍ទួរគី និងអឺរ៉ុបមកកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ខណៈដែលរដ្ឋាភិបាលកម្ពុជានិងទួរគីបាន និងកំពុងអនុវត្តស្មារតីអនុស្សារណៈយោគយល់គ្នា (MoU) លើវិស័យអាទិភាពនានា រួមទាំងវិស័យទេសចរណ៍ ដែលបានចុះហត្ថលេខាកាលពីអំឡុងខែតុលា ឆ្នាំ២០១៨ កន្លងមក នៅទីក្រុងអ៊ីស្តង់បុល។
EMITT ជាពិព័រណ៍ដ៏ធំមួយនៅអឺរ៉ុប មានអ្នកចូលរួមប្រមាណជា៦ម៉ឺននាក់ មកពីប្រមាណ៩០ប្រទេស។ ស្តង់ពិព័រណ៍ក្រសួងទេសចរណ៍ទទួលបានភ្ញៀវចូលទស្សនា និងសាកសួព័ត៌មានយ៉ាងផុលៗ។ជាកិត្តិយសនៅថ្ងៃទី៣១ ពន្លាក្រសួងទេសចរណ៍បានទទួលឯកឧត្តម Mehmet Nuri Ersoy រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ទួរគី និងលោក Ali Yerlikaya អភិបាលក្រុងអ៉ីស្តាន់ប៊ុល។ នៅថ្ងៃបន្ទាប់ លោក Alinur Aktas អភិបាលក្រុងពូរសា ក៏បានមកទស្សនានៅពន្លាក្រសួងទេសចរណ៍ផងដែរ។
ក្រៅពីសកម្មភាពពិព័រណ ប្រតិភូក្រសួងទេសចរណ៍ក៏ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines, Asiana Airlines, Social Media, Bloggers ដើម្បីសហការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារទួរគី និងពិភពលោកឲ្យមកកម្ពុជាកាន់តែច្រើនថែមទៀត។
នាព្រឹកថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០១៩ ជាថ្ងៃចុងបញ្ចប់ នៃពិព័រណ៍ EMITT 2019 ដែលបើកជាសាធារណៈសម្រាប់មហាជនចូលទស្សនា ហើយស្តង់ពិព័រណ៍កម្ពុជាបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះឯកឧត្តម Isha Su ប្រតិភូរដ្ឋាភិបាលTurkey ទទួលបន្ទុកគ្រប់គ្រងតំបន់ Mersin ដែលមានសក្តានុពលសេដ្ឋកិច្ចធំមួយផ្នែកកំពង់ផែ។
ប្រតិភូក្រសួងទេសចរណ៍កម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយក្រុមការងារមកពីទីក្រុង Bursa រួមមាន Mr. Eruiment Yilmal ប្រធានគ្រប់គ្រងទេសចរណ៍ Bursa, Mr. Anil Baxik អ្នកសម្របសម្រួលការងារទេសចរណ៍ ដែលជាតំបន់សេដ្ឋកិច្ចឧស្សាហកម្មផលិតគ្រឿងចក្រ និងវាយនភណ្ឌប្រកបដោយសក្តានុពលមួយក្នុងតំបន់ (Machinaries and Textile) ពួកគាត់មានបំណងសិក្សា ស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា ការវិនិយោគ និងការតភ្ជាប់ទំនាក់ទំនងផ្នែកឯកជន វិស័យទេសចរណ៍រវាងកម្ពុជា និងទីក្រុង Bursa។
កម្ពុជាបាននិងកំពុងរៀបចំបង្កើតស្ថានទូតកម្ពុជា នៅទីក្រុងអង់ការ៉ា ដែលអាចនឹងលេចចេញជារូបរាងនៅក្នុងអំឡុងឆ្នាំ២០១៩នេះ។
ទួរគីជាទីផ្សារដ៏ធំមួយនៅអឺរ៉ុបដែលមានប្រជាជន៨០លាននាក់។ ឆ្នាំ២០១៨ ទួរគីទទួលបានទេសចរណ៍៣៩,៥ លាននាក់ និងរកចំណូលបាន២៩,៥ពាន់លានដុល្លាអាមេរិក។ ទេសចរណ៍ទួរគីចេញក្រៅប្រទេសភាគច្រើនទៅទស្សនា ម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម តាមរយៈក្រុមហ៊ុនអាកាសចរណ៍Turkish Airlines។
កម្ពុជាសង្ឃឹមថា នឹងមានការហោះហើរត្រង់ពីទួរគី មកកម្ពុជាតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ក្នុងពេលឆាប់ៗខាងមុខ ដែលអាចនាំយកភ្ញៀទេសចរណ៍ទួរគី និងអឺរ៉ុប មកកម្ពុជាកាន់តែច្រើនថែមទៀត៕
ប្រភព : www.propertyarea.asia