ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតខ័ណ្ឌចំនួនពីរទៀត ដែលជាការសំរួលក្នុងការផ្តល់សេវាសាធារណៈរបស់រដ្ឋ ដល់ប្រជាពលរដ្ឋដែលកំពុងតែកើនឡើងក្នុងរាជធានីភ្នំពេញ។

ក្នុងចំណោមខ័ណ្ឌទាំង១២ដែលមានស្រាប់ រដ្ឋាភិបាលបានបំបែកខ័ណ្ឌចំនួនពីរទៀត ដោយខ័ណ្ឌថ្មីមួយគឺខ័ណ្ឌបឹងកេងកង បំបែកចេញពីខ័ណ្ឌចំការមន និងខ័ណ្ឌកំបូលត្រូវបានបំបែកចេញពីខ័ណ្ឌពោធ៍សែនជ័យ។
តើខ័ណ្ឌបឹងកេងកង ត្រូវកាត់យកសង្កាត់ណាខ្លះចេញពីខ័ណ្ឌចំការមន? យោងតាមឯកសារក្រសួងមហាផ្ទៃបានឲ្យដឹងថា ខណ្ឌបឹងកេងកង មានសង្កាត់ចំនួន៧រួមមាន៖ សង្កាត់បឹងកេង១ សង្កាត់បឹងកេង២ សង្កាត់បឹងកេង៣ សង្កាត់ទួលស្វាយព្រៃ១ សង្កាត់ទួលស្វាយព្រៃ២ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក។ ចំណែកខណ្ឌកំបូល ត្រូវកាត់យក៦ សង្កាត់ពីខណ្ឌពោធិ៍សែនជ័យ រួមមាន៖ សង្កាត់កន្ទោក សង្កាត់ឱឡោក សង្កាត់ស្នោរ សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ និងកាត់យក ១សង្កាត់ពីដង្កោ គឺសង្កាត់ប្រទះឡាង។

រដ្ឋាភិបាលក៏បានចេញអនុក្រិតបង្កើត ក្រុង ស្រុក ចំនួន៤ទៀតផងដែរ ដើម្បីផ្តល់សេវាសាធារណៈកាន់តែប្រសើរដល់ប្រជាពលរដ្ឋ។ នេះបើតាមលោក សក់ សេដ្ឋារដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ប្រាប់វិទ្យុ RFI កាលពីពេលថ្មីៗនេះ៕
ប្រភព : www.propertyarea.asia