
ភ្នំពេញ៖ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៥នេះ ជាមួយលក្ខខណ្ឌបន្ធូរបន្ថយ ជាច្រើន ក្នុងនោះដីធ្លីមិនបានប្រើប្រាស់ដែលមានទំហំក្រោមឬស្មើ ៥ហិកតាត្រូវបានលើកលែង។
បន្ទាប់ពីរយៈពេលព្យួរការអនុវត្តពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបញ្ចប់នៅដំណាច់ឆ្នាំ២០២៤ កន្លងទៅ ពន្ធនេះត្រូវចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០២៥នេះ តទៅ។
សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៥ តទៅ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបន្ធូរបន្ថយលក្ខខណ្ឌបើកលែងពន្ធ ដូចខាងក្រោម៖
ក.ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ។
ខ.ដីធ្លីមិនបានប្រើប្រាស់ដែលមានផ្ទៃក្រឡាតិចជាងឬស្មើ ៥ហិកតា ក្នុងមួយកន្លែង ត្រូវបានលើកលែង។
គ.ចំពោះដីធ្លីមិនបានប្រើប្រាស់ដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖
-ដឹកសិកម្មកំពុងបង្កបង្កើនផលដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់
-ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គលឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ
-ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល
-ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល
-ដីដែលជាកម្មសិទ្ធិរបស់សហគមន៍
-ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗ
-ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ សម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា
ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ
-ដីដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម
-ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់គោលដៅ បម្រើការងារក្នុងវិស័យដូចបានរៀបរាប់ខាងដើម។ ក្នុងករណីដែលដីនេះត្រូវបានលក់ឬមិនត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
ដីធ្លីមិនបានប្រើប្រាស់ដែលមានផ្ទៃក្រឡាតិចជាងឬស្នើ ៥ហិកតា ក្នុងមួយកន្លែង មិនមានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ នោះទេ ខណៈដីធ្លីមិនបានប្រើប្រាស់ដែលលើសពី ៥ហិកតា ត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)