Register Already an agent ? Login

សហគ្រាសចំនួន ៩៥ ទទួលបានអត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA)

ភ្នំពេញ៖ ក្នុងខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារបានពិនិត្យនិង សម្រេចផ្តល់អត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀង DTA ដល់សហគ្រាសដែលបានស្នើសុំចំនួន ៥៥សហគ្រាស និងសរុបរយៈពេល ៣ខែ ដើមឆ្នាំ២០២៥ មានចំនួន ៩៥ សហគ្រាស។

កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) បានដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់ ទំនុកចិត្តនិងភាពប្រាកដប្រជាដល់វិនិយោគិនបរទេស តាមរយៈការផ្តល់វិធានការច្បាស់លាស់ក្នុង ការកំណត់សិទ្ធិយកពន្ធរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង បន្ធូរបន្ថយលើការអនុវត្តចំពោះប្រភេទពន្ធមួយចំនួន និងអត្ថប្រយោជន៍ផ្ទាល់ដល់សហគ្រាសពីប្រទេសដែលមានកិច្ចព្រមព្រៀង DTA ជាមួយព្រះរាជាណាចក្រកម្ពុជា។

ក្នុងខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារបានពិនិត្យនិង សម្រេចផ្តល់អត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀង DTA ដល់សហគ្រាសដែលបានស្នើសុំចំនួន ៥៥សហគ្រាស និងសរុបរយៈពេល ៣ខែ ដើមឆ្នាំ២០២៥ មានចំនួន ៩៥សហគ្រាស។

គិតត្រឹមខែមីនា ឆ្នាំ២០២៥ កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយរដ្ឋបាលសារពើពន្ធចំនួន១១ ក្នុងនោះ មានរដ្ឋបាលសារពើពន្ធ ថៃ សិង្ហបុរី ព្រុយណេ ចិន វៀតណាម តំបន់រដ្ឋបាលពិសេសហុងកុង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី។

កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ចំនួន ២ បានចុះហត្ថលេខារួចរាល់ដោយកំពុងបន្តរៀបចំនីតិវិធីក្នុងការដាក់កិច្ចព្រមព្រៀង ចូលជាធរមាន រួមមាន DTA កម្ពុជា-ឡាវ និង DTA កម្ពុជា-ហ្វីលីពីន។

បន្ថែមពីលើនេះ DTA កម្ពុជា-មីយ៉ាន់ម៉ា ត្រូវបានបញ្ចប់កិច្ចចរចាកម្រិតបច្ចេកទេស និងរដ្ឋបាលសារពើពន្ធចំនួន៦ ផ្សេងទៀតកំពុងស្ថិតក្នុងដំណាក់កាលនៃការចរចា រួមមាន អេមីរ៉ាតអារ៉ាប់រួម ជប៉ុន ម៉ារ៉ុក បារាំង កាតា និងអាស៊ែបៃហ្សង់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)