Register Already an agent ? Login

ករណីមិនយល់ព្រម សម្រេចនានារបស់រដ្ឋបាលសារពើពន្ធ តើអ្នកជាប់ពន្ធត្រូវតវ៉ាយ៉ាងដូចម្តេច និងមានរយៈពេលប៉ុន្មានថ្ងៃការតវ៉ា?

ភ្នំពេញ៖ យោងតាមមាត្រា២៣៦ និងមាត្រា២៣៨ នៃច្បាប់ស្តីពីសារពើពន្ធ អ្នកជាប់ពន្ធដែលមិនយល់ព្រមនឹងការកំណត់ពន្ធឡើងវិញ ការផាកពិន័យ ជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀតដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ អាចធ្វើការតវ៉ាទៅអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ (សាមសិប) ថ្ងៃនៃថ្ងៃធ្វើការ។

ក្រោយថ្ងៃដែលអ្នកជាប់ពន្ធបានទទួលលិខិតជូនដំណឹង ទារបំណុលពន្ធ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀតដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ។

អ្នកតវ៉ាត្រូវភ្ជាប់មកជាមួយពាក្យបណ្ដឹងតវ៉ានូវឯកសារសំខាន់ៗមួយចំនួនរួមមាន៖

១. លិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាពមាន សមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ។

២. ឯកសារដែលបញ្ជាក់ពីការទូទាត់ប្រាក់ពន្ធ។

៣. ភ័ស្តុតាងផ្សេងទៀតពាក់ព័ន្ធអង្គហេតុ ឬសំអាងហេតុនៃបណ្ដឹងតវ៉ារបស់អ្នកតវ៉ា ជាអាទិ៍ទិន្នានុប្បវត្តិ វិក្កយបត្រ កិច្ចសន្យា លិខិតយុត្តិការ ឬឯកសារផ្សេងៗ។

ក្នុងករណី អ្នកជាប់ពន្ធនៅតែមិនយល់ព្រមលើសេចក្តីសម្រេចជាថ្មីរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អ្នកជាប់ពន្ធអាចដាក់ពាក្យតវ៉ាទៅ គណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធ ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ (សាមសិប) ថ្ងៃ ក្រោយពីថ្ងៃដែលបានទទួលសេចក្តីសម្រេច។

គួរបញ្ជាក់ថា អ្នកជាប់ពន្ធមានសិទ្ធិប្តឹងទៅតុលាការមានសមត្ថកិច្ចជំទាស់នឹងសេចក្តីសម្រេចរបស់ គណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ (សាមសិប) ថ្ងៃ ក្រោយពីបានទទួលដំណឹងស្តីពីសេចក្តី សម្រេចនោះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)