Register Already an agent ? Login

ខេត្ត​ព្រះសីហនុ​នឹងមាន​ស្ពានដែក​ឆ្លងផ្លូវ​ជាតិ​លេខ ៤ជា​លើកដំបូង

ព្រះសីហនុ៖ រដ្ឋបាលខេត្ត​ព្រះសីហនុ គ្រោង​នឹងធ្វើ​ស្ពានដែក​មួយ​ខ្សែ​ឆ្លងផ្លូវ​ជាតិ​លេខ៤ ជា​លើកដំបូង​នៅ​ចំណុច​មុខ​រោងចក្រ​ញូ​ស្តារ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​រ​ឆ្លងផ្លូវ​ជាតិ របស់​កម្មករ​កម្មការិនី​ធ្វើដំណើរ​ឆ្លងកាត់​ទៅមក ។

លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា ស្ពាន​នេះ​ជំនាញ​បាន​សិក្សា​រួចហើយ ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១០ម៉ឺន​ដុល្លា​អាមេរិក និង​ចាប់ផ្តើម​សាងសង់​នាពេល​ខែមីនា ឆ្នាំ២០១៩ នេះ ។

លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បានអោយដឹងថា ស្ពានដែក​ឆ្លងផ្លូវ​នេះ មាន​ប្រវែង ២៤ម៉ែត្រ កំពស់៥,២ម៉ែត្រ ទទឹង៣ម៉ែត្រ ។ រថយន្ត​កុង​តៃ​ន័​រ ក៏​អាច​រត់​ក្រោម​ស្ពាន​នេះ​បានដែរ ។ ស្ពាន​នេះ​នឹង​អាចជួយ​សម្រួល​ការកកស្ទះ និង​ហានិភ័យ​ដល់​កម្មករ​កម្មការិនី​បាន​មួយកម្រិត​ដែរ។

តាម​គម្រោង​នេះ កម្មករ​រោងចក្រ​ញូ​ស្តារ​ការប្រមាណ ៤ពាន់​នាក់ មានការ​គាំ​យ៉ាងខ្លាំង​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់លោក អភិបាលខេត្ត​ព្រះសីហនុ សម្រាប់​សុវត្ថិភាព​កម្មករ​ទាំង​អស់ ៕

ប្រភព : www.propertyarea.asia