ភ្នំពេញ៖ ជាមួយនឹងកំនើននៃភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគចម្រុះជាតិសាសន៍ ក្រុងព្រះសីហនុនឹងបង្ហាញនូវរមណីយដ្ឋានលំដាប់ផ្កាយ៥មួយ ដែលនឹងដាក់ឲ្យដំណើរការនៅឆ្នាំនេះ។
គំរោងវិនិយោគរមណីយដ្ឋាននេះ ស្ថិតនៅលើកោះស្រមោច ត្រូវបានវិនិយោគដោយក្រុមហ៊ុន SEA SENSE Resort ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធមួយរបស់ក្រុមហ៊ុន MARITIME Group។
លេខាធិការប្រតិបត្តិរបស់ក្រុមហ៊ុនMARITIME GROUPលោកស្រីដុម សុភាពបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រមណីយដ្ឋានទេសចរណ៍ថ្មី «SEA SENSE Resort» ត្រូវបានរចនាឡើងមានលក្ខណៈទំនើបលំដាប់ផ្កាយ៥ នឹងលេចត្រដែតឡើងលើកោះស្រមោច នៃខេត្តព្រះសីហនុ។ រមណីយដ្ឋាននេះ គ្រោងនឹងបិទបញ្ចប់ការអភិវឌ្ឍដំណាក់កាលទី១នេះ នៅចុងឆ្នាំ២០១៩ ដើម្បីត្រៀមស្វាគមន៍វត្តមានភ្ញៀវទេសចរពីគ្រប់ទិសទី។
លោកស្រីបន្តថា គំរោងវិនិយោគនេះមានប្រភេទផលិតផលជាច្រើនដូចជា ផ្ទះស្នាក់ទេសចរណ៍ ឬបឹងហ្គាឡូ វីឡាបែបគ្រួសារ ស្ពានកំពង់ទឹក ឬស្ពានបណ្ដែតទឹក កន្លែងទទួលភ្ញៀវ ភោជនីយដ្ឋាន អាងហែលទឹក ក្លឹបហាត់ប្រាណ (Gym) និងតារាងវាយ Tennis ហាងលក់ទំនិញ កាស៊ីណូ (Casino) ម៉ាស្សា ស្ប៉ា (Spa) បន្ទប់ទឹកសាធារណៈ កន្លែងជួលទូកកៃយ្យៈ អូរប័រ ពោងលែងទឹក សម្រាប់ភ្ញៀវទេសចរដែលចង់ជិះលែងកម្សាន្តជាដើម។
លោកស្រី ដុម សុភាព បានបន្តទៀតថា ក្រុមហ៊ុនក៏មិនភ្លេចពីការយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន អនាម័យ និងសំរាមផងដែរ ដោយក្រុមហ៊ុនបាននាំចូលនូវឡដុតសំរាមគ្មានផ្សែងដ៏ទំនើបមួយ សម្រាប់ដុតសំរាមនៅតំបន់ចុងកោះ ធានាថាមិនប៉ះពាល់ដល់បរិស្ថាននៅលើកោះស្រមោចនោះឡើយ។
កោះស្រមោច មានផ្ទៃដីចំនួន២៥.៦៥ហិចតា ប៉ុន្តែបើគិតពីផ្ទៃដីធម្មជាតិទាំងអស់នៅលើកោះមានប្រមាណ៣៣ហិកតា។ កោះស្រមោចមានចម្ងាយពីមូលដ្ឋានកងទ័ពជើងទឹកតែ៨០០ម៉ែត្រប៉ុណ្ណោះ បើយើងធ្វើដំណើរតាមទូកទេសចរណ៍ ចំណាយពេល១០នាទី តែបើធ្វើដំណើរតាមអូប័រចំណាយពេលប្រមាណ៥នាទី៕
ប្រភព : www.propertyarea.asia