ភ្នំពេញ៖ អ្នកជាប់ពន្ធមានកាតព្វកិច្ច ត្រូវទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រ ដែលអចលនទ្រព្យនោះស្ថិតនៅយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។ ចំពោះអចលនទ្រព្យដែលចុះបញ្ជីរួចហើយ មិនត្រូវបានចុះបញ្ជីវិញនៅឆ្នាំបន្តបន្ទាប់នោះទេ។
សម្រាប់ពាក្យស្នើរសុំចុះបញ្ជីពន្ធលើអចលនទ្រព្យ មាននៅរដ្ឋបាលសារពើពន្ធ (សាខាពន្ធដារខេត្ត-ខណ្ឌ) ក្នុងភូមិសាស្ត្រ ដែលអចលនព្រទ្យនោះស្ថិតនៅ ឬអាចទាញយកពីគេហទំព័ររបស់អគ្គនាយកដ្ឋាន (www.tax.gov.kh )។
នៅពេលចុះទៅចុះបញ្ជីអចលនទ្រព្យ ត្រូវភ្ជាប់មកជាមួយនូវឯកសារថតចម្លង រួមមាន អត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស។ សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ស្នាក់នៅ។ ប័ណ្ណសម្គាល់កម្មសិទ្ធិ ឬប័ណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់អចលនទ្រព្យ ឬវិញ្ញាប័ណត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធ នឹងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ។
ក្នុងករណីដែលអចលនទ្រព្យ បានទិញបង់រំលស់ ម្ចាស់អចលនទ្រព្យត្រូវភ្ជាប់មកជាមួយនូវឯកសារកិច្ចសន្យារវាងអ្នកទិញ និងអ្នកលក់។
នៅពេលបានចុះបញ្ជីថ្មី អ្នកជាប់ពន្ធនឹងទទួលបានលិខិតបញ្ជាក់ ការចុះបញ្ជីពន្ធលើអចលនទ្រព្យ ដែលមានលេខអត្តសញ្ញាណកម្មសារពើពន្ធ នៃអចលនទ្រព្យសម្រាប់សម្គាល់អចលនទ្រព្យនីមួយៗ ដែលចេញដោយរដ្ឋបាលសារពើពន្ធ ។លេខអត្តសញ្ញាណកម្មសារពើពន្ធនេះ ត្រូវប្រើលើឯកសារដែលពាក់ព័ន្ធ នឹងពន្ធលើអចលនទ្រព្យទាំងអស់អស់។
នៅពេលដែលអចលនទ្រព្យមានការប្រែប្រួល អ្នកជាប់ពន្ធត្រូវផ្តល់ព័ត៌មានបន្ថែម ទៅតាមទម្រង់ ដែលបានកំណត់ដោយរដ្ឋបាលសារពើពន្ធ ក្នុងករណីដែលអចលនទ្រព្យត្រូវបានបំបែកលក់ ផ្ទេរ ឬផ្តល់ជាអំណោយ។ ចំណែកអចលនទ្រព្យដែលបានបំបែកត្រូវចុះបញ្ជី។ ដីត្រូវបានយកសាងសង់ផ្ទះ អគ្គារ ឬសំណង់ផ្សេងៗ ។ ផ្ទះ អគារ និងសំណង់ផ្សេងៗ ត្រូវបានសាងសង់បន្ថែមឬបន្ថយ ឬរំលាយចោល និងការផ្លាស់ប្តូរកម្មសិទ្ធិករអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ៕
ប្រភព : www.propertyarea.asia