ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃខេត្តព្រះសីហនុបានឲ្យដឹងថា រយៈពេលពេញមួយឆ្នាំ២០១៨ ខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងគំហុក ដោយមានការសាងសង់អគារពាណិជ្ជកម្ម ខុនដូរ សណ្ឋាគារ រោងចក្រ សហគ្រាស និងហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានកសាងឡើងជាបន្តបន្ទាប់។
ថ្លែងនៅក្នុងជំនួបជាមួយប្រតិភូគណៈកម្មាការទី៩ នៃរដ្ឋសភា កាលពីថ្ងៃទី ៣០ ខែមករា ម្សិលមិញនេះ លោកស្រី ហៀក ហ៊ីមិល្លី អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើន ក៏នៅមានបញ្ហាប្រឈមមួយចំនួនដូចជា ក្នុងរដូវវស្សា ឆ្នាំ២០១៨ ភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រពន្ធ័លូរ មានការខូចខាត យ៉ាងច្រើន ក៏ប៉ុន្តែរដ្ឋបាលខេត្តបានធ្វើការជួសជុល និងដោះស្រាយជាបណ្ដើរធ្វើអោយ ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង មានភាពល្អប្រសើរឡើងវិញ។
លោកស្រីបន្តថា នៅឆ្នាំ២០១៨ កន្លងមក កំណើនភ្ញៀវទេសចរណ៍មានការកើនឡើងពី១០ទៅ១៥ភាគរយ ហើយភ្ញៀវទេសចរណ៍ចិន និងអ្នកវិនិយោគចិននាំមុខគេសម្រាប់ខេត្តព្រះសីហនុ។រដ្ឋបាលខេត្តបានអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលក្នុងការគៀងគរភ្ញៀវទេសចរណ៍ និងអ្នកវិយោគមកកាន់ខេត្តព្រះសីហនុបន្តទៀត។
លោកស្រីអភិបាលរងខេត្តបានបន្ថែមថា រដ្ឋបាលខេត្តបានអនុវត្តនូវគោលការណ៍ចំនួន៣ដូចជា ទី១ ពង្រឹងការអនុវត្តច្បាប់ ទី២ ការដោះស្រាយវិវាទដីធ្លី និងទី៣ ជំរុញការងារបរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសាធារណៈជូនភ្ញៀវទេសចរណ៍ក៏ដូចជាប្រជាពលរដ្ឋ ពិសេសកម្លាំងសមត្ថកិច្ចទាំង៣ ប្រភេទបានអនុវត្តតួនាទី ភារកិច្ច និងធ្វើជាសេនាធិការឱ្យរដ្ឋបាលខេត្ត ដើម្បីដោះស្រាយបញ្ហាសំណើ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋបានទាន់ ពេលវេលា ។
លោកស្រីនិន សាផុន ប្រធានគណៈ កម្មការទី៩ នៃរដ្ឋសភា បានកោតសរសើររដ្ឋបាលខេត្តបានអនុវត្តការងារបានល្អប្រសើរ ធ្វើឲ្យអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ មានទំនុកចិត្តមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ មានការកើនឡើង និងរំពឹងថា សម្រាប់ឆ្នាំ ២០១៩ នេះ ខេត្តព្រះសីហនុ នឹងមានការរីកចម្រើនបន្ថែមទៀត៕
ប្រភព : www.propertyarea.asia