ភ្នំពេញ៖ មន្រ្តីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីកម្ម និងសំណង់ ខេត្តកណ្តាលបានអះអាងថា ការរៀបចំប្លង់គោលសម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានសារៈសំខាន់ណាស់ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។
លោក លឹម ចាន់សូភី ប្រធាមន្ទីររៀបចំដែនដី នគរូបនីកម្ម និងសំណង់ ខេត្តកណ្តាលបានថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ អំពីផែនទីប្លង់គោលសម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩កន្លងមកថា ដោយមើលឃើញពីសារៈសំខាន់ ពីផែនទីប្លង់គោល សម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះ មន្ទីរបានខិតខំធ្វើផែនទី ដើម្បីកំណត់នូវនិយាមការឲ្យបានច្បាស់លាស់ ព្រោះការរៀបចំប្លង់គោលសម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ គឺមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍន៍នៅមូលដ្ឋាន កាលណានៅតាមមូលដ្ឋានមានប្រព័ន្ធផ្លូវថ្នល់ធំ វាអាចជួយសម្រួលដល់ការរស់នៅ និងការធ្វើអាជីវកម្មផ្សេងៗ ជាពិសេសការធ្វើអាជីវកម្មលើបញ្ហាដីធ្លី និងការជួយដល់ដល់ករណី ដែលកើតមានឡើងជាយថាហេតុ និងជាទស្សនៈគិតគូរវែងឆ្ងាយ ដើម្បីធានាការអភិវឌ្ឍន៍ដែនដី និងនគរូបនីយកម្ម ប្រកបដោយចីរភាព។
លោកបន្តថា “កន្លងមកឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានដាក់ចេញលិខិតហាមឃាត់ដល់មេឃុំ សង្កាត់ មិនឲ្យចុះហត្ថលេខានៅលើលិខិត ប្រគល់សិទ្ធទៀតនោះឡើយ”។លោកបន្តថា “ការផ្ទេសិទ្ធត្រូវមានប្លង់យាមការណ៍ ចេញដោយការិយាល័យរៀបចំដែនដីក្រុង ស្រុក ទើបការចុះហត្ថលេខានេះមានប្រសិទ្ធភាព មិនឲ្យមានវិវាទដីធ្លីនេះតទៅទៀត”។
លោកលឹម ចាន់សូភីបានបន្តថា ការអភិវឌ្ឍ និងការអនុវត្តហេដ្ឋារចនាសម្ព័ន្ធ មិនថានៅទីណា ឬមូលដ្ឋានណានោះឡើយ ពិតជាចៀសមិនផុតប្រតិកម្មពីសាធារណៈជន ដូច្នេះនៅពេលចាប់ផ្តើមគូរប្លង់គោល សម្រាប់ការស្ថាបនាផ្លូវ ជាពិសេសការចុះអនុវត្តន៍ សូមឲ្យប្រជាពលរដ្ឋជួយសម្រួល និងត្រូវគិតគូរអំពីផលប៉ះពាល់ ព្រោះការកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្លូវ គឺជាការគិតគូដល់ផលប្រយោជន៍យើងទាំងគ្នា និងជាការគិតគូរដល់កូនចៅជំនាន់ក្រោយៗជាបន្តទៀត និងទុកជាកេរមរតកទៅតាមសម័យកាល៕
ប្រភព : www.propertyarea.asia