ភ្នំពេញ: អ្នកជំនាញវិស័យអចលនទ្រព្យកម្ពុជាបានអះអាងថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ២ នៅតែបន្តកើនឡើងថ្លៃបើធៀបទៅបណ្តាឆ្នាំមុនៗ ដោយសារការប្រកាសពង្រីក និងសាងសង់ឡើងវិញនូវផ្លូវជាតិដ៏សំខាន់នេះ។
អ្នកនាងអាន សុធីតា នាយិការប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៩កន្លងមកថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ២ ឡើងថ្លៃទៅតាមប្រភេទដី និងតំបន់ តែបើគិតពីតំបន់ក្រុងតាខ្មៅ រហូតដល់ព្រែកហូរ តម្លៃដីបានកើនឡើងចន្លោះពី១០០០ ទៅ២០០០ ដុល្លារ អាមេរិកក្នុងមួយម៉ែត្រការ៉េ តែយ៉ាងណាក៏ដោយ វាឡើងថ្លៃខ្លាំងណាស់ណានោះទេ បើធៀបទៅហ្នឹង ឆ្នាំ២០១៨កន្លងមកនេះ។
អ្នកនាងបន្តថា តម្លៃដីនៅតំបន់នេះ បើគិតពីផ្លូវបំបែកពីផ្លូវ ៦០ម៉ែត្រ កើនឡើងថ្លៃពី១០០ ទៅ៣០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រកការ៉េ រហូតដល់ផ្លូវបំបែកលេខ២០ ត្រង់រង្វង់មូលគួរស្រូវ ពោលគឺឡើង ទ្វេរដងបើធៀបនឹង២ឆ្នាំមុន ដោយសារមានកត្តាជាច្រើន ដូចជាជាតំបន់សាងសង់លំនៅដ្ឋាន តំបន់ជាយក្រុងងាយស្រួលក្នុងធ្វើដំណើរចូលក្រុង និង ពាណិជ្ជកម្មផ្សេងៗ។
លោកស្រីបានបន្តថា បើគិតពីរង្វង់មូលគួរស្រូវ ចូលស្រកកណ្តាលស្ទឹងតម្លៃដីនៅតាមបណ្តោយផ្លូវនេះ មិនមានការរឡើងថ្លៃប៉ុន្មានទេ គឺមានតម្លៃចន្លោះពី៨០ ទៅ១០០ ដុល្លារប៉ុណ្ណោះ ក្នុងមួយម៉ែត្រការ៉េ។
ចំណែកលោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate Co., Ltd. បានឲ្យដឹងដែរថា នៅតាមបណ្តោយផ្លូវជាតិលេខ២មានសន្ទុះម្តង កាលពីមានគម្រោង សាងសង់ព្រលានយន្តហោះ និងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ការបើករដ្ឋានពង្រីកផ្លូវ តែយ៉ាងណាក៏ផ្លូវនេះនៅមានសក្តានុពលសេដ្ឋកិច្ច រោងចក្រ និងតភ្ជាប់ទៅខេត្តកំពត និងខេត្តព្រះសីហនុ ព្រមទាំងឆ្ពោះរហូតទៅដល់ព្រំដែនវៀតណាមជាដើម។
លោកបន្តថា តម្លៃដីធ្លីនៅវិញគឺមានតម្លៃកើនឡើង២ ទៅ៣ដង គ្រាន់តែនៅដីម្តុំរង្វង់គួស្រូវ បានកើនឡើងពីចន្លោះ១០០ ទៅ២៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ព្រោះវាជាតំបន់អភិវឌ្ឍន៍ថ្មី ។ កាលណាមានការអភិវឌ្ឍន៍ តម្រូវការដីយកទៅប្រើប្រាស់ ក៏ធ្វើឲ្យតម្លៃដីកាន់តែកើនឡើងផងដែរ។
ផ្លូវជាតិលេខ២នេះ នឹងត្រូវចាប់ផ្តើមសាងសង់ជាថ្មីនៅដើមឆ្នាំ២០១៩នេះ ហើយវាជាផ្លូវសេដ្ឋកិច្ចដ៏ខាន់របស់កម្ពុជា ដោយផ្លូវនេះតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ និងជាពិសេសតភ្ជាប់ផ្លូវ៦០ ម៉ែត្រ និងផ្លូវលេខ២០ ឆ្ពោះមកកាន់ទីក្រុង ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងចំណាយពេលតិច។
លោកសុខ ណាន់ប្រជាពលរដ្ឋរស់នៅខេត្តតាកែវបានឲ្យដឹងផងដែរថា បច្ចុប្បន្នដីនៅតាមផ្លូវជាតិលេខ៦០ដល់៦១ កំពុងកើនឡើងខ្ពស់ ដោយសារមានក្រុមហ៊ុនចិនជាច្រើនបានចុះទៅទិញដីនៅតំបន់នេះ ដែលធ្វើឲ្យតម្លៃដីហក់ឡើងខ្ពស់ ដែលកាលពីដើមឆ្នាំមុនដី១មួយម៉ែត្រការ៉េ នៅជាប់ផ្លូវជាតិមានតម្លៃត្រឹម៧ដុល្លារ ប៉ុន្តែបច្ចុប្បន្នបានកើនដល់ចន្លោះ៤០ទៅ៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ៕
ប្រភព : www.propertyarea.asia