Register Already an agent ? Login

អស្ចារ្យ! ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ខេត្ត​ព្រះសីហនុ ត្រូវបាន​ចុះ​ហត្ថ​លេខ​ដើម្បី​ធានាបាន​គុណភាព

ភ្នំពេញ៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ខេត្ត​ព្រះសីហនុ ប្រវែង​សរុប​ចំនួន១៩០,៦៣ គីឡូម៉ែត្រ ត្រូវបាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស ដើម្បី​ធានាបាន​គុណភាព​ប្រើប្រាស់​យូរអង្វែង​ស្របតាម បទដ្ឋាន​ស្តង់ដារ​បច្ចេកទេស​អន្តរជាតិ។

លោក សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទីប្រឹក្សា បច្ចេកទេស​សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ខេត្ត​ព្រះសីហនុ រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន MINCONSULT SDN BHD ដោយមាន​ការចូលរួម​ថ្នាក់ដឹកនាំ​ក្រសួង និង​ប្រធាន​ក្រុមហ៊ុន​ MINCONSULT SDN BHD។

ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស​គ្រប់គ្រង និង​ពិនិត្យ​តាមដាន ដោយ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​សាងសង់ សំដៅ​ធានាបាន​នូវ​គុណភាព​ស្របតាម​បទដ្ឋាន ស្តង់ដារ​បច្ចេកទេស​អន្តរជាតិ ពោលគឺ​ផ្លូវ​មាន​ភាពរឹងមាំ និង​អាច​ប្រើប្រាស់​ជាប់​បានយូរ​ផងដែរ។

ផ្លូវ​ល្បឿន​លឿន​នេះ​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នាពេលឆាប់ៗខាងមុខនេះ ដោយ​សាងសង់​ជា​បួន​គន្លង (២គន្លង​ទៅ ២គន្លង​មក ខណ្ឌ​ដោយ​សួរ​ច្បារ​កណ្ដាល​ទ្រូងផ្លូវ) មាន​ប្រវែង​សរុប​ចំនួន ១៩០,៦៣ គីឡូម៉ែត្រ ទទឹង ២៤ម៉ែត្រ ក្រាល​កៅស៊ូ AC ជា​ផ្លូវ​ថ្មី​ទាំងស្រុង និង​មាន​របង​បាំង​សងខាង​ផ្លូវ​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​ខ្ពស់បំផុត៕

ប្រភព : www.propertyarea.asia