ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនចំនួន៣បាននិងកំពុងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា ដើម្បីចូលរួមចំណែកជំរុញនិងបង្កើនល្បឿនកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ពិសេសការពង្រីកផ្លូវជាតិលេខ៥។
ក្រុមហ៊ុនដែលទទួលបានសិទ្ធិម៉ៅការសាងសង់ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាលសរុបប្រវែង១៤៦.០៤ គ.មដោយចាប់ពីធ្លាម្អម-បាត់ដំបង មានប្រវែង១១០.៩០ គ.ម និងរួមបញ្ជូលផ្នែកចុងក្រោយសិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែង ៣៥.១៤ គ.ម សម្រាប់កញ្ចប់ទី១ កញ្ចប់ទី២ និងកញ្ចប់ទី៣ រួមមាន៖១. ក្រុមហ៊ុន ILSUNG-CIENCO1 Joint Venture ២. ក្រុមហ៊ុន OBAYASHI Corporation ៣. និង ក្រុមហ៊ុន TEKKEN-IKEE Joint Venture។
សេចក្តីប្រកាសព៌តមានរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនដែលគេហទំព័រ propertyarea.asia ទទួលបាននៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៩កន្លងមកថា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង ដែលជាគម្រោងឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) ដើម្បីប្រគល់ជូនដល់ក្រុមហ៊ុនទាំង៣នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នេះ។
លោកឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងបានឲ្យដឹងកាលពីពេលថ្មីៗនេះថា មានក្រុមហ៊ុនទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើន បានចូលរួមដាក់ដេញថ្លៃ ក្នុងការទទួលបានសិទ្ធិម៉ៅការសាងសង់គម្រោង តែភាគច្រើន ក្រុមហ៊ុនទាំងនោះមិនមានលក្ខន្ធគ្រប់គ្រាន់ ដែលខាងភាគីជប៉ុនតម្រូវឲ្យមាន។
លោកបន្តថា “គម្រោងធ្វើឲ្យប្រសើរឡើងវិញ នៅកំណាត់ផ្លូវជាតិលេខ៥នេះ ជាផ្លូវតភ្ជាប់ផ្លូវអាស៊ានហៃវ៉េ ឆ្លងកាត់ពីប្រទេសថៃឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ទៅកាន់ ប្រទេសវៀតណាម”។
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាលោក Horinouchi Hidehisaបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលជប៉ុន ជួសជុលកំណាត់ផ្លូវជាតិ ពីព្រែកក្តាមដល់ប៉ោយប៉ែតប្រវែង៣៦៨.៧គីឡូម៉ែត្រ និងសំណូមពរប្រជាពលរដ្ឋកម្ពុជា បង្កើតការយកចិត្តទុកដាក់ពេលធ្វើដំណើរលើផ្លូវជាតិលេខ៥នេះ។
លោកបន្តថា ការជួសជុលកំណាត់ផ្លូវជាតិលេខ៥ នឹងត្រូវបង្កើនពីស្ថានភាពបច្ចុ ប្បន្នដែលមានតែ២គន្លង ទៅជា៤គន្លង និងមានប្រវែងសរុប ៣៦៨,៧គីឡូម៉ែត្រ ចាប់ពីក្រុងប៉ោយប៉ែតមកដល់ព្រែកក្តាម។
លោកបន្តថា ការពង្រីកស្ថាបនាផ្លូវជាតិ៥នេះ ស្ថិតក្នុងគម្រោងកែលំអផ្លូវជាតិលេខ៥ (National Road No.5 Improvement Project) ដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ជាកម្ចីមករដ្ឋាភិបាលកម្ពុជា សម្រាប់ជួសជុលកំណាត់ផ្លូវជាតិលេខ៥ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលហៅកាត់ថាJICA។ ការស្ថាបនាផ្លូវនេះនឹងបញ្ចប់នៅឆ្នាំ២០២២ ហើយកំណាត់ផ្លូវមួយចំនួននឹងត្រូវបិទហេតុនេះ៕
ប្រភព : www.propertyarea.asia