Register Already an agent ? Login

តើ​គម្រោង​ដី​ពុះ​ឡូ​តិ៍លក់​ត្រូវ​ចុះបញ្ជី​ឬទេ?

ភ្នំពេញ៖ គម្រោង​ពុះ​ដី​ឡូ​ដិ៍​លក់​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ បាននិងកំពុង​ពុះគញ្ជ្រោល​ស្ទើរតែ​គ្រប់​ទីកន្លែង ដែល​បណ្តារ​ឱ្យមាន​ចម្ងល់​ដល់​ប្រជាពលរដ្ឋ​ថា ការ​ពុះ​ដី​ឡូ​ដិ៍​លក់​នេះ ត្រូវ​ចុះបញ្ជី ឬ​បង់ពន្ធ​ដែរ​ទេ?

សូម​អាន​រឿង​ពូ​ក្រឹម និង​ធីតា​ពិភាក្សាគ្នា​ជុំវិញ​គម្រោង​ពុះ​ដី​ឡូ​ដិ៍​លក់​នេះ​ដូចខាងក្រោម៖

ពូ​ក្រឹម​កំពុង​ជូត​តុ​ក្នុង​ហាង​បាយ​របស់គាត់​បណ្តើរ រអ៊ូ ង៉ូវៗ បណ្តើរ ធីតា​ចូលមក​រួច​សួរថា ពូ​កំពុង​រអ៊ូ​រឿង​អី​នឹង?

ពូ​ក្រឹម៖ ក្មួយ​ធីតា​ទេ! ពូ​ភ្ញាក់​ព្រើត​តែម្តង ! ពូ​គ្មាន​រអ៊ូ​រឿង​អី​ទេ។

ធីតា៖ កុំ​ខ្លាច​អី​ពូ​ខ្ញុំ​លឺ​ពូ​និយាយ​ពី​ពន្ធដារ តែ​ខ្ញុំ​ស្តាប់​បានតែ​ពន្ធដារ។ ពូ​មានរឿង​អី?

ពូ​ក្រឹម៖ គ្មាន​អី​ធំដុំ​ទេ​ក្មួយ។ គ្រាន់តែ​ពូ​មាន​អារម្មណ៍​ថា​មិន​សប្បាយចិត្ត​សោះ។

ធីតា៖ មិន​ស​ប្បា​ចិត្ត​រឿង​អ្វី​ពូ? ប្រាប់​ខ្ញុំ​មក​ក្រែង​ខ្ញុំ​អាចជួយ​បាន​ខ្លះ។

ពូ​ក្រឹម៖ ពូ​ចាប់ផ្តើម​រកស៊ី តាំងពី​ឆ្នាំ១៩៩៩ មក​ម្លេះ តែ​ពុំ​ឃើញ​មាន​ប្រាក់កាស​សល់​ច្រើន​សោះ​ក្មួយ។ តែ​ពូ​បាន​ចុះបញ្ជី​ពន្ធដារ​តាំងពី​ឆ្នាំ នោះមក​ពេលនោះ​មាន​មន្ត្រី​ពន្ធដារ​ស្រុក​មក​យកពន្ធ​ជា​រៀងរាល់ខែ​មិនដែល​ខាន​មួយខែ​ណា​ទេ ប្រាក់​ពន្ធ​នៅពេលនោះ តែ ៥០០០៛ ទេ រហូតដល់​បច្ចុប្បន្ន​ពូ​ត្រូវ​ទៅ​បង់ប្រាក់​ពន្ធ​ដោយ​ខ្លួនឯង​នៅ​សាខា​ពន្ធដារ ចំនួន​ពី ៧០០០០០៛ ទៅ ៨០០០០០៛ ក្នុង​មួយខែ ដោយសារ​ពូ​លក់បាន​ចំណូល ពី ៧៨០ ០០០៛ ទៅ ៨០០ ០០០៛ ក្នុង​មួយថ្ងៃ។

ធីតា៖ ចុះ​ពូ​មិន​សប្បាយចិត្ត​រឿង​អ្វី?

ពូ​ក្រឹម៖ ពូ​មិន​ស​ប្បា​ចិត្តត្រង់​អ្នករកស៊ី​បាន​ចំណេញ​លុយរាប់​សែន​ដុល្លារ​មិនដែល​បង់ប្រាក់​ពន្ធ​មួយ​កាក​មួយ​សេន​សោះ។

ធីតា៖ រកស៊ី​អី​ទៅ​ពូ?

ពូ​ក្រឹម៖ គម្រោង​ពុះ​ដី​ឡូ​តិ៍លក់​នោះ​អី ចំណេញកប់ៗតែម្តង។ កូន​មីង​ព្រឹម អាសា​មាន​វា​ទិញ​ដី១ហិច​តា​តែ ១០ ០០០ ដូ​ល្លារ តែ​អី​ឡូ​វ​ដី​ត្រូវប៉ាន់ វា​ពុះ​ឡូ​តិ៍លក់ ចំណេញ​រាប់សែន​ដុល្លារ។ ពូ​ឆ្ងល់​ថា​ហេតុអ្វី វា​អត់​បង់ពន្ធ​ដូច​ពូ? បើ​គណនា​ទៅ​វា​ត្រូវ​បង់ពន្ធ​ច្រើនណាស់។ រដ្ឋ​បាត់បង់​ប្រាក់​ពន្ធ​ច្រើនណាស់​ក្មួយ។

ធីតា៖ រឿង​ហ្នឹង​ទេ​ពូ?

ពូ​ក្រឹម៖ ត្រូវ​ហើយ​ក្មួយ។ ចុះ​គម្រោង​ដី​ឡូ​តិ៍​ត្រូវ​ចុះបញ្ជី​ទេ​ក្មួយ?

ធីតា៖ បើ​យោង​ច្បាប់​ស្តីពី​សារពើពន្ធ មាត្រា ១០១ គម្រោង​នោះ​ត្រូវ​ចុះបញ្ជី​ហើយ​ពូ ។

ពូ​ក្រឹម៖ គម្រោង​ដី​ឡូ​តិ៍​រីក​ដូច​ផ្សិត បើ​ពន្ធដារ​គ្រប់គ្រង​បាន​ចំណូល​ជាតិ​គឺកប់ៗតែម្តង ។

ធីតា៖ រឿងនេះ​មិនមែនជា​ការងាយស្រួល​នោះទេ​ពូ ទាល់តែ​អាជ្ញាធរ​ដែនដី មាន​ចៅសង្កាត់ មន្ត្រីនគរបាល​រដ្ឋបាល អភិបាលក្រុង​ស្រុក មន្ទីរ​សូ​រិ​យោ​ដី និង​សាខា​ពន្ធដារ​សហការគ្នា​បានល្អ។ មានតែ​រដ្ឋាភិបាល​ទេ​ទើប​អាចជួយ​រឿងនេះ​បាន មន្ត្រី​ណា​មិន​សហការ​គឺ​ដក​ចោល​ទៅ។

ពូ​ក្រឹម៖ អើ​ក្មួយ វា​មិន​យុត្តិធម៌​ចំពោះ​ពូ​ពេក​ហើយ​ខំ​បង់ពន្ធ​រាប់​ឆ្នាំ ហើយ​លទ្ធផល​គឺ​មិន​សប្បាយចិត្ត​ចឹ​ង។

ធីតា៖ ពូ​គួរតែ​សប្បាយចិត្ត​ទៅវិញ​ទេ​ពូ ព្រោះ​លុយ​ដែល​ពូ​បាន​បង់​រាប់​ឆ្នាំ​បានរួម​ចំណែក​កសាង​ជាតិ​ច្រើនណាស់ មាន​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន​ថ្នល់ ប្រឡាយទឹក ប្រាក់បៀវត្ស​មន្ត្រីរាជការ គឺ​ចូលរួម​ក្នុង​កំណើនសេដ្ឋកិច្ច និង​ស្ថេរភាព​នយោបាយ ទើប​បងប្អូន​មាន​ឱ្យ​កាស​ពុះ​ដី​ឡូ​តិ៍លក់​យ៉ាងនេះ។ បើ​គ្មាន​ប្រាក់​ពន្ធ​សំរាប់​ចំណាយ​គឺ គ្មាន​កំណើនសេដ្ឋកិច្ច គ្មាន​ស្ថេរភាព ហើយក៏​គ្មាន​អ្នក​ពុះ​ដី​ឡូ​តិ៍លក់​ដែរ។ ហេតុនេះ​ពូ​គួ​តែ​សប្បាយចិត្ត​ព្រោះ​ភាពមានបាន​របស់​ពួកគេ​ក៏​ជា​ចំណែក​របស់​ពូ​ដែល​លះបង់​ដែរ។

ពូ​ក្រឹម៖ ពូ​ដូច​មាន​អារម្មណ៍​សប្បាយចិត្ត​វិញ​ហើយ អរគុណ​ក្មួយ។

តើ​អ្នក​យល់​ស្រប់តាម​គំនិត​ធីតា​ទេ ថា​គំរោង​ដី​ឡូ​តិ៍​ត្រូវតែ​ចុះបញ្ជី​ពន្ធដារ និង​ចូលរួម​បង់ពន្ធ?

ក. មិន​យល់ស្រប​ទេ

ខ.យល់ស្រប​តាម

គ. មានគំនិត​ផ្សេង

ប្រភព : www.propertyarea.asia