Register Already an agent ? Login

ចំណេះដឹង! តើ​អចលនទ្រព្យ​ប្រភេទ​ណា​ដែល​ត្រូវ​លើកលែង​ពន្ធ?

ភ្នំពេញ៖ អចលនទ្រព្យ​ដែល​ត្រូវ​លើកលែង​ពន្ធ មានដូចជា អចលនទ្រព្យ​ដែលជា​ដីធ្លី​កសិកម្ម។ ដីធ្លី​កសិកម្ម សំដៅ​ដល់ ដីធ្លី​កសិកម្ម​ដែល​កំពុង​បង្កបង្កើនផល កសិកម្ម មាន​ជាអាទិ៍ ដីស្រែ ដីចំការ ដី​ដំណាំ​ក​សិ-ឧស្សាហកម្ម ដី​កសិដ្ឋាន​ចិញ្ចឹមសត្វ វារីវប្បកម្ម ដីស្រែ​អំបិល។ ក្នុងករណី​ចំណែក​ណាមួយ​នៃ​ដីធ្លី​កសិកម្ម ត្រូវបាន​យកមក​សាងសង់​ផ្ទះ អគារ ឬ សំណង់ផ្សេងៗ ដែល​មិន បម្រើ​ផ្ទាល់​ឬ​អចិន្ដ្រៃយ៍​ដល់​សកម្មភាព​កសិកម្ម ចំណែក​ដី​នេះ​មិន​ត្រូវបាន​លើកលែង​ពន្ធ​នេះ​ទេ។

អចលនទ្រព្យ​ដែលជា​កម្មសិទ្ធិ​របស់​រា​ជ​រដ្ឋាភិបាល ឬ​ស្ថាប័ន​រាជរដ្ឋាភិបាល។ ក្នុងករណី​អចលនទ្រព្យ ដែល​បាន​កត់ត្រា​ទុកជា​ទ្រព្យសកម្ម​របស់​សហគ្រាស​សាធារណៈ ឬ​ក្រុមហ៊ុនចម្រុះ​រដ្ឋ អចលនទ្រព្យ​នោះ​មិនត្រូវ បាន​លើកលែង​ពន្ធ​នេះ​ទេ។

អចលនទ្រព្យ​ដែលជា​កម្មសិទ្ធិ​របស់​ស​ហគ​មន៍ ឬ​បុគ្គល​ណាមួយ ដែល ៖ ត្រូវបាន​រៀបចំឡើង និង​ដំណើរការ​សម្រាប់​គោលដៅ​សុទ្ធសាធ​ខាង​សាសនា និង​សប្បុរសធម៌ និង គ្មាន​ចំណែក​ណាមួយ​នៃ​អចលនទ្រព្យ ឬ ប្រាក់ចំណូល​ត្រូវបាន​ប្រើប្រាស់​ជា​ប្រយោជន៍​ឯកជន។

ការលើកលែង​ពន្ធ មិន​រាប់បញ្ចូល​នោះទេ ចំពោះ ៖ អចលនទ្រព្យ ដែល​ត្រូវបាន​ជួល ឬ​ផ្ដល់ឱ្យ​បណ្ដោះអាសន្ន សម្រាប់​គោលដៅ​សុទ្ធសាធ​ខាង​សាសនា និង សប្បុរសធម៌។ អចលនទ្រព្យ ដែលជា​កម្មសិទ្ធិ​របស់​អង្គការ​សាសនា ឬ​អង្គការ​សប្បុរសធម៌ ដែល​បាន​ជួល ឬ​ផ្ដល់​ជា បណ្ដោះអាសន្ន​ឱ្យទៅ​សហគមន៍​ឬ​បុគ្គល​ណាមួយ ដែល​ប្រើប្រាស់​អចលនទ្រព្យ​នោះ ក្រៅពី​គោលដៅ សាសនា និង​សប្បុរសធម៌។

អចលនទ្រព្យ​ជា​កម្មសិទ្ធិ​របស់ ៖បេសកកម្ម​ការទូត ឬ​កុងស៊ុល​បរទេស។ អង្គការ​អន្ដរជាតិ និង ទីភ្នាក់ងារ​សហ​ប្រតិ​ប​ត្ដិ​ការ​បច្ចេកទេស របស់​រដ្ឋាភិបាល​នានា ដែល​ទទួលស្គាល់ ដោយ​រាជរដ្ឋាភិបាល។ អចលនទ្រព្យ​ដែលជា​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធ​ផលិត​ទឹកស្អាត​ឬ​ផលិត​អគ្គីសនី ព្រលាន យន្ដហោះ កំពង់ផែ ស្ថានីយអយស្ម័យយាន រួមបញ្ចូល​ទាំង​អគារ និង​ការិយាល័យ​ដែល​បម្រើ​ផ្ទាល់​ដល់ សកម្មភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ។ផ្ទះ អគារ និង​សំណង់ផ្សេងៗដែល​សាងសង់​លើ​ដីធ្លី​កសិកម្ម ដែល​បម្រើ​ផ្ទាល់​និង​ជា​អចិន្ដ្រៃយ៍​ដល់​សកម្ម-ភាព​កសិកម្ម។

អចលនទ្រព្យ​ដែល​ទទួលរង​នូវ​ការខូចខាត​ធ្ងន់ធ្ងរ​ដោយ​ករណី​ប្រធាន​សក្ដិ ដែលជា​បាតុភូត​ឬ​ជា​ព្រឹ​ត្ដិ​ការណ៍ កើតឡើង​ដោយ​មិនដឹង​ជាមុន មិនអាច​ប៉ាន់ស្មាន​ជាមុន និង​មិនអាច​ជំនះបាន ដូចជា គ្រោះធម្មជាតិ (ទឹក ជំនន់ ខ្យល់ព្យុះ រញ្ជួយ​ដី) សង្គ្រាម កុប្បកម្ម អគ្គីភ័យ ឬ​គ្រោះមហន្ដរាយ​ជាយថាហេតុ។ផ្ទះ អគារ និង​សំណង់ផ្សេងៗដែល​សាងសង់​តិចជាង ៨០ ភាគរយ និង​មិនទាន់បាន​ប្រើប្រាស់។ អចលនទ្រព្យ​ដែល​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​បម្រើ​ផ្ទាល់​ដល់​សកម្មភាព​ផលិតកម្ម៕

ប្រភព : www.propertyarea.asia