ព្រះសីហនុ៖ កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុនឹងសហការជាមួយកំពង់ផែឈីង តាវរបស់ប្រទេសចិន ដើម្បីដឹកទំនិញដោយផ្ទាល់ពីកម្ពុជាទៅកាន់ទីនោះ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី២។
ក្នុងជំនួបជាមួយអភិបាលខេត្តព្រះសីហនុ លោកយន្ត មីនកាលពីថ្ងៃទី២២ មករាកន្លងមកនេះ លោកលួយ ជៀនជុន អភិបាលរងក្រុងឈីងតាវបានមានប្រសាសន៍ថាតាមរយៈការតភ្ជាប់ការដឹកជញ្ជូនរវាងកំពង់ផែទាំងពីរ នឹងជួយជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងថែមទៀត។
លោកបន្តថាកំពង់ផែឈាងតាវ និងកំពង់ផែក្រុងព្រះសីហនុ និងសហការគ្នាក្នុងការដឹកជញ្ជូនកាន់តែប្រសើរឡើង ។ ក្នុងឆ្នាំ២០១៨ ទីក្រុងឈីងតាវ ទទួលបានភ្ញៀវទេសចរ១០០លាននាក់ ហើយ សង្ឃឹមថាទីក្រុងឈីងតាវ និងទីក្រុងព្រះសីហនុ នឹងបន្តកិច្ចសហការលើវិស័យទេសចរណ៍កាន់តែល្អថែមទៀត។
លោកក៏បានសំណូមពរដល់អភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូទៅចូលរួមរដូវកាលស្រាបៀរនៅខេត្តឈឺងតាវ និងបានភ្លក់រសជាតិស្រាថ្មីៗ ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរកាន់តែជិតស្និត។
លោកយន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងថា ខេត្តព្រះសីហនុមានសកក្កដានុពលសេដ្ឋកិច្ច ដោយមានកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ មានវិសាលភាពធំទូលាយសម្រាប់តភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រជាលក្ខណៈជាតិ អន្តរជាតិបម្រើទំនិញជាកុងតឺន័រចេញ-ចូលប្រមាណជិត៧៣ភាគរយ នៃបរិមាណទំនិញនាំចេញ នាំចូលទូទាំងប្រទេស។
ក្នុងនាមអាជ្ញាធរដែនដី លោកអភិបាលខេត្តរូបនេះ បានគាំទ្រអ្នកវិនិយោគចិន ដែលអនុវត្តតាមគោល នយោបាយផ្លូវ១ខ្សែក្រវ៉ាត់១របស់ប្រធានាធិបតីចិន ធ្វើឱ្យខេត្តព្រះ សីហនុ មានការអភិវឌ្ឍលឿនយ៉ាងគំហុក ព្រមទាំងសំណូមពរដល់គណប្រតិភូ ជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្ត និងជួយជម្រុញអ្នកវិនិយោគចិនមកកាន់ខេត្តព្រះសីហនុបន្ថែមទៀត៕
ប្រភព : www.propertyarea.asia