Register Already an agent ? Login

រាជរដ្ឋាភិបាលសម្រេចបង្កើតស្រុកថ្មីមួយទៀត ឈ្មោះ «ស្រុកតាំងគោក» នៅក្នុងខេត្តកំពង់ធំ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតស្រុកថ្មីមួយទៀតដែលមានឈ្មោះថា «ស្រុកតាំងគោក» នៅក្នុងខេត្តកំពង់ធំ ដោយកាត់យកឃុំចំនួន៨ ចេញពីស្រុកបារាយណ៍ រួមមាន៖ ឃុំពង្រ ឃុំច្រនាង ឃុំជ្រលង ឃុំទ្រៀល ឃុំសូយោង ឃុំស្រឡៅ ឃុំស្វាយភ្លើង និងឃុំអណ្តូងពោធិ៍ដើម្បីសម្រួលដល់ការគ្រប់គ្រងប្រព័ន្ធរដ្ឋបាល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចុះហត្ថលេខាសម្រេចបង្កើតស្រុកថ្មីនេះកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។ ក្នុងអនុក្រឹត្យស្តីពីការបង្កើតស្រុកតាំងគោកនេះ បានកំណត់យកទីតាំងសាលាស្រុក ស្ថិតនៅក្នុងឃុំសូយោង។

បច្ចុប្បន្នខេត្តកំពង់ធំ គឺជាខេត្តមួយស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១៣,៨១៤គីឡូម៉ែត្រការ៉េ ដោយបែងចែកជា ៨ ស្រុក-ក្រុង, ៨១ឃុំ-សង្កាត់ និង ៧៣៤ភូមិ។ដោយបូកបន្ថែមជាមួយស្រុកទើបបង្កើតថ្មីមួយថែមទៀត ដូច្នេះស្រុក-ក្រុងក្នុងខេត្តកំពង់ធំឡើងដល់៩ហើយ។

ស្រុក-ក្រុងទាំង៩នៃខេត្តកំពង់ធំនោះរួមមាន៖ក្រុងស្ទឹងសែន, ស្រុកបារាយណ៍, ស្រុកកំពង់ស្វាយ, ស្រុកប្រាសាទបល្ល័ង្ក, ស្រុកប្រាសាទសំបូរ, ស្រុកសណ្ដាន់, ស្រុកសន្ទុក, ស្រុកស្ទោង និងស្រុកតាំងគោក៕

ប្រភព : www.propertyarea.asia