ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ២៤០លានដុល្លារGold Tower42 បាននិងកំពុងបំពាក់កញ្ចក់ព៌ណមាសដ៏ឆើតឆាយ និងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ ហើយវាបាននិងកំពុងក្លាយជាLandmarkមួយនៃក្រុងភ្នំពេញ។
មជ្ឈមណ្ឌលពាណិជ្ជកម្មGold Tower42 ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះដោយមានផ្សារទំនើប ការិយាល័យ ខុនដូ បន្ទីរពេទ្យ និសេវាកម្មចម្រុះជាច្រើនទៀត តែយ៉ាងណាក៏ដោយការប្រកាសលក់គំរោងនេះជាថ្មី មិនទាន់បានធ្វើនៅឡើយទេ ខណៈការស្ថាបនាបាននិងកំពុងញាប់ដៃញាប់ជើង ដើម្បីឲ្យអាគារនេះបញ្ចប់និងដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ២០១៩នេះ។
នៅពេលបញ្ចប់ការសាងសង់ Gold Tower 42 នឹងមានកំពស់រហូតដល់១៩២ម៉ែត្រ ហើយវានឹងក្លាយជាអាគារខ្ពស់ជាងគេទី១ នៅក្រុងភ្នំពេញនាឆ្នាំ២០១៩នេះ ខណៈអាគារខ្ពស់ផ្សេងទៀតមិនទាន់បានបញ្ចប់ការសាងសង់។
លោក Kim Tae Yeon ប្រធានក្រុមហ៊ុន YUNWOO ប្រចាំកម្ពុជាបានឲ្យដឹងកាលពីពេលប្រកាសចាប់ផ្តើមសាងសង់អាគារនេះ ជាថ្មីកាលពីចុងឆ្នាំមុនថា អាគារនេះបានចំណាយប្រាក់សាងសង់អស់ ១០០លានដុល្លារហើយ និងត្រូវចំណាយប្រាក់១៤០លានដុល្លារទៀត ដើម្បីបញ្ចប់គំរោងនេះនៅចុងឆ្នាំ២០១៩ខាងមុខ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះរួមបញ្ចូលផ្សារទំនើប អាគារការិយាល័យ ខុនដូសរុបចំនួន ៣៩៩យូនីត។
ក្រុមហ៊ុន YUNWOOបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Hongtao Decoration និងក្រុមហ៊ុនសាងសង់ឈ្មោះWaiman Construction& Engineering ដែលមានមូលដ្ឋាននៅប្រទេសចិន ដើម្បីសាងសង់បញ្ចប់អាគារនេះ។
អាគារ Gold Tower 42 បានផ្អាកការសាងសង់នៅឆ្នាំ២០១០ ខណៈដែលក្រុមហ៊ុនសាងសង់បានបញ្ចប់ត្រឹមជាន់ទី៣១ នៃអាគារកំពស់៤២ជាន់នេះ៕
ប្រភព : www.propertyarea.asia