ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី២០ ខែមករា ស្អែកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរយៈពេល ៣ថ្ងៃ (២០-២៣ មករា ២០១៩) ។
នៅក្នុងដំណើរទស្សនកិច្ចលើកនេះ សម្តេចតេជោមានគម្រោងពិភាក្សាការងារជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង និង លោកនាយករដ្ឋមន្ត្រីចិន លី ឃឺឈាង ដើម្បីពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាប្រទេសដៃគូយុទ្ឋសាស្ត្រគ្រប់ជ្រុងជ្រោយ។
សម្តេចសរសេរក្នុងទំព័រហ្វេសបុកផ្លូវការថា “នៅក្នុងឱកាសនោះ យើងនឹងមានកិច្ចពិភាក្សាលើការពង្រឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ” ។
សម្តេចបន្តថា “អនុស្សារណៈនិងកិច្ចព្រមព្រៀងមួយចំនួនត្រូវបានពង្រាងរួចហើយ សម្រាប់ចុះហត្ថលេខាជាមួយភាគីមិត្តចិន”។
សម្តេចតេជោបានចាត់ទុកមិត្តចិនមានទំនាក់ទំនងល្អដូចជាបងប្អូន និងបានជួយកម្ពុជាយើងយ៉ាងច្រើនចាប់តាំងពីជំនាន់សម្តេចតាមកទល់សព្វថ្ងៃនេះ។ កម្ពុជា សូមអរគុណមិត្តចិន ចំពោះការជួយជ្រោមជ្រែងទាំងឡាយ ដែលបានធ្វើអោយកម្ពុជារីកចម្រើនមកទល់សព្វថ្ងៃ៕
ប្រភព : www.propertyarea.asia