ភ្នំពេញ៖ របាយការណ៍សិក្សាថ្មីមួយបានរកឃើញថា ខុនដូចំនួន៨គំរោងបានបញ្ចប់ការសាងសង់ និងផ្ទះចំនួន ២២៣៤យូនីតបានដាក់ចូលទីផ្សារនៅដំណាច់ឆ្នាំ២០១៨ ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលបានបង្ហាញកាលពីសប្តាហ៍មុនបានឲ្យដឹងថា គិតពីមុនរហូតដល់ដំណាច់ត្រីមាសទី៣ ចំនួនខុនដូជាង ១២,០០០យូនីតបានផ្គត់ផ្គង់ចូលទីផ្សារ ដូច្នេះបើគិតបញ្ចូលទាំងយូនីតដែលបានបញ្ចប់នៅត្រីមាសចុងក្រោយនៃឆ្នាំ២០១៨ បានធ្វើឲ្យចំនួនយូនីតខុនដូកើនឡើងដល់ប្រមាណ១៥០០០យូនីតនៅក្នុងទីផ្សារ។
របាយការណ៍ដដែលនេះបានឲ្យដឹងទៀតថា ខុនដូថ្មីសរុប៨ ដែលមានប្រហែល២ ២៣៤យូនីត បានកើនឡើងសរុប១៨,៩ ភាគរយភាគរយរវាងត្រីមាសទី៣និងទី៤ ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ចំនួនគម្រោងសំណង់ដែលអនុម័តរួចបានធ្លាក់ចុះ១៩ ភាគរយនៅឆ្នាំ ២០១៨ ដោយមានគម្រោងវិនិយោគ២៨៦៧ ធៀបនឹងគម្រោង៣០៥២កាលពីឆ្នាំ ២០១៧ ។
ការវិនិយោគសរុបលើគម្រោងសំណង់នៅឆ្នាំមុន មានចំនួនសរុប៥,២០០លានដុល្លារ ធ្លាក់ចុះពី ៦៤០០ពាន់លានដុល្លារកាលពីឆ្នាំ ២០១៧ ។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា ទីផ្សារខុនដូនៅកម្ពុជានៅតែមានសញ្ញាល្អប្រសើរ ទោះជាចំនួនផ្គត់ផ្គង់កើនឡើងក្តី ប៉ុន្តែនិន្នាការអ្នកទិញបានផ្លាស់ប្តូរច្រើនជាងមុន ដោយពួកគេវិនិយោគលើខុនដូដែលបញ្ចប់ការសាងសង់ និងជិតបញ្ចប់ការសាងសង់ជាជាងពួកគេទិញខុនដូ ដែលទើបតែប្រកាស តែមិនទាន់សាងសង់។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានថ្លែងថា ទីផ្សារខុនដូនៅកម្ពុជាកំពុងវិវត្តន៍រកសញ្ញាល្អប្រសើរយឺតៗ ដែលត្រូវការពេលវេលាបន្ថែមទៀត ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ មិនទាន់ពេញនិយមរស់នៅតាមខុនដូនៅឡើយ ប៉ុន្តែរយៈពេល៥ទៅ១០ឆ្នាំខាងមុខ ទីផ្សារខុនដូនឹងផ្លាស់ប្តូរ ដោយប្រជាជនខ្មែរកាន់តែច្រើននឹងរស់នៅខុនដូ។
ការសិក្សារបស់ក្រុមហ៊ុន Urban Living Solution បានរកឃើញថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងភ្នំពេញ នឹងកើនដល់៤,៥ ទៅ៥លាននាក់ ពេលនោះប្រជាជននឹងរស់នៅខុនដូកាន់តែច្រើន ដោយសារកំនើនយានយន្ត នាំឲ្យមានការកកស្ទះចរាចរណ៍ តម្លៃអចលនទ្រព្យកើនឡើងខ្ពស់ ការរីកចម្រើនបច្ចេកវិទ្យាធ្វើឲ្យគុណភាពជីវិតកាន់តែប្រសើរឡើង និងកត្តាប្រជាសាស្ត្រ ព្រមទាំងការយល់ដឹងរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរជាងមុន៕
ប្រភព : www.propertyarea.asia