Register Already an agent ? Login

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ ៦៨លាន​ដុល្លារ​នៅ​ក្រុង​ប៉ោយប៉ែត​នឹង​បើក​ដំណើរការនៅពេលឆាប់ៗនេះ

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ ៦៨លាន​ដុល្លារ​នៅ​ក្រុង​ប៉ោយប៉ែត​នឹង​បើក​ដំណើរការនៅពេលឆាប់ៗនេះ

ក្រុង​ប៉ោយប៉ែត៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ ដែល​វិនិយោគ​ទឹកប្រាក់៦៨លាន​ដុល្លារ​នៅ​ក្រុង​ប៉ោយប៉ែត នឹង​បើក​ដំណើរការ​នៅពេលឆាប់ៗខាងមុខនេះ ប្រសិនជា​គ្មានអ្វី​ប្រែប្រួល​ទេនោះ។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នេះ​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន BOONMA HNG Co, Ltdបានទទួល​ការអនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នេះ ដើម្បី​វិនិយោគ​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​បួន​ចំនួន៣៩២បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប ដែលមាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំង​អាច​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន​ប្រមាណ៨៣៦កន្លែង។

ក្រុមហ៊ុន​នេះ បានទទួល​ការ​អនុ​ញ្ញា​ត្ត​ជាមួយ​ក្រុមហ៊ុន​ចំនួន​បី​ទៀត ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅក្នុងពេលថ្មីៗនេះ ដែល​សរុប​ទុនវិនិយោគ១០០លាន​ដុល្លារ សម្រាប់​គំរោង​វិនិយោគ​ទាំង​បួន​នេះ។

ទីក្រុង​ប៉ោយប៉ែត ជាទី​ក្រុង​វិនិយោគ​ដ៏​លឿន ដោយសារ​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម​ជាមួយ​ប្រទេស​ថៃ ដែល​បាន​ទាក់ទាញ​ក្រុមហ៊ុន​ថៃ និង​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​ទៅ​វិនិយោគ​នៅ​តំបន់​នេះ។

រដ្ឋាភិបាល​បានដាក់​ក្រុង​ប៉ោយប៉ែត ជា​តំបន់ឧស្សាហកម្ម​ពិសេស​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥ ២០២៥ ដើម្បី​ប្រែក្លាយ​ទីក្រុង​នេះ​ជា​មជ្ឈមណ្ឌល​ភស្តុភា​កម្ម និង​ជាទី​តាំង​វិនិយោគ​ដ៏​មាន​សក្តានុពល។

ទីប្រឹក្សា​ជាន់ខ្ពស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោក​បណ្ឌិត​ម៉ី កល្យាណ​បាន​ថ្លែងថា ក្រុង​ប៉ោយប៉ែត​មាន​លក្ខណៈពិសេស និង​មានការ​រីកចម្រើន​លឿន ដោយសារ​គោលនយោបាយ​ថៃ​បូក​មួយ បានធ្វើ​ឲ្យ​តំបន់​នេះ​ទាក់ទាញ អ្នកវិនិយោគ​មកពី​ប្រទេស​ថៃ​ជាច្រើន មក​វិនិយោគ​នៅ​តំបន់​នេះ ព្រោះ​ទី១ ជា​តំបន់​ជាប់​ព្រំដែន​ថៃ ដែល​ងាយស្រួល​ក្នុង​ការតភ្ជាប់​លើ​វិស័យ​គមនាគមន៍ ទី២ ដោយសារ​កំលាំង​ពលកម្ម​របស់​កម្ពុ​ជាមាន​តម្លៃ​ទាប ធៀប​ជាមួយ​ប្រទេស​ថៃ ហេតុនេះ​អ្នកវិនិយោគ​មក​វិនិយោគ​នៅ​តំបន់​នេះ ដើម្បី​ធ្វើ​ឲ​ក្យ​តម្លៃ​ផលិត​ទាប និង​ងាយ​នាំចេញ​ទៅកាន់​ប្រទេស​ថៃ និង​ទី៣ គោលនយោបាយ​លើកទឹកចិត្ត​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស អាច​បោះទុន​វិនិយោគ១០០ភាគរយ​បង្កើត​ក្រុមហ៊ុន​នៅ​កម្ពុជា។

លោក​បន្តថា “តាម​ការសិក្សា​បាន​រកឃើញថា​ប្រទេស ដែល​ស្ថិត​នៅជាប់​ប្រទេស​មានការ​រីកចម្រើន​ខ្លាំង នឹងមាន​ការរីកចម្រើន​លឿន​ដូចគ្នា ប៉ុន្តែ​យើង​មិនទាន់​ដឹង​នៅឡើយ​ទេ អ្វីៗត្រូវ​រង់ចាំ​មើល​សិន”៕

ប្រភព : www.propertyarea.asia