Register Already an agent ? Login

ឯកអគ្គរដ្ឋទូតចិនបញ្ជាក់ពីមូលហេតុធំៗចំ​នួន៤ដែលចិនមកវិនិយោគច្រើននៅកម្ពុជា

​ភ្នំពេញ: ស្របពេលលំហូរអ្នកវិនិយោគចិនកើនឡើងយ៉ាងគំហុកនៅកម្ពុជា ក៏មានចម្ងល់ជាច្រើនលើកឡើងហេតុអ្វីបានជាចិន បាននិងកំពុងវិនិយោគកាន់តែច្រើននៅកម្ពុជា?។

មានប្រសាសន៍ប្រាប់ក្រុមអ្នកាសែត ក្នុងសន្និសីទសារព័ត៌មានកាលរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩​កន្លងមក លោកWang wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ​ប្រជាមានិតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា កំណើនអ្នកវិនិយោគចិនមកបណ្តាក់ទុនច្រើន​ នៅកម្ពុជាដោយសារទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាមានភាពរឹងមាំ និង​រីកចម្រើន។

លោកបន្តថា ស្ថិរភាពនយោបាយនៅកម្ពុជា​ក៏ជាកត្តាដែលជំរុញ​ កំណើនអ្នកវិនិយោគចិននៅកម្ពុជា បូករួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជាដែលធ្វើឱ្យកម្ពុជាមានភាពរឹងមាំល្អ ក៏ជាផ្នែកមួយទៀតដែលធ្វើ ឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុកនៅកម្ពុជាច្រើនផងដែរ។

លោកបន្តថា “បរិយាកាសវិនិយោគ និងគោលនយោបាយរបស់កម្ពុជាល្អ ក៏ជាកត្តារួមផ្សំ ដែលធ្វើឱ្យ​អ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា”។ លោកបន្តថា “ការបង្កើនការវិនិយោគ របស់​អ្នកវិនិយោគិនចិននៅកម្ពុជា គឺជាកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ”។

លោក Wang wentian បានបន្តថា តាមរយៈការវិនិយោគិនចិនមកបណ្ដាក់ទុន​នៅកម្ពុជាកាន់តែច្រើននេះ នឹងធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែមានការរីកចម្រើន និងបង្កើនឱកាសការ​ងារច្រើនដល់ពលរដ្ឋកម្ពុជាផងដែរ។

​ជាមួយគ្នានេះ ក្នុងឳកាសចូលរួមសម្ភោធបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ កាលពីដើមសប្តាហ៍នេះ លោកWang Wentianបានមានប្រសាសន៍ឲ្យដឹងផងដែរថា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឈជាតម្រូវការដាច់ខាត ដែលក្នុងរយៈពេលរយៈពេល២០ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ សេដ្ឋកិច្ចកម្ពុជាសម្រេចបាន នូវការអភិវឌ្ឈយ៉ាងឆាប់​រហ័ស ដែលក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើន៧,៣ភាគរយ ដែលធ្វើឲ្យ​កម្ពុជាក្លាយជាប្រទេសលូតលាស់យ៉ាងលឿនបំផុតក្នុងតំបន់នេះ។

លោកបន្តថា “ប្រទេសកម្ពុជាត្រូវគេស្គាល់ថាជាខ្លាសេដ្ឋកិច្ចថ្មីនៃអាស៊ី ដែលជាបងប្អូនល្អ និងមិត្តភ័ក្តល្អរបស់កម្ពុជា ប្រទេសនិងប្រជាជនចិនមានការរីករាយដែលឃើញកម្ពុជាបានស្ថាបនាជាតិ”។លោកបន្តថា “យើងជឿជាក់ថាប្រសិនជាប្រទេសកម្ពុជាអាចបន្តរក្សាសន្តិភាព ស្ថេរភាពនយោបាយដូចបច្ចុប្បន្ន គោលដៅដែលកំណត់ដោយសម្តេចនាយករដ្ឋមន្រ្តីដែលចង់ឲ្យកម្ពុជា ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងទទួលបានជោគជ័យ”។

លោកឯកអគ្គរដ្ឋទូតបានបន្តថា ឆ្នាំ២០១៨កន្លងទៅ ជាឆ្នាំដ៏សំខាន់ដែលប្រទេស​កម្ពុជា ចិនបានប្រារពខួបលើកទី៦០ នៃទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរ ហើយយើងរីករាយ ក្នុងការគោរពគ្នាទៅវិញទៅមក យើងយោគយល់គ្នាទៅវិញទៅមក និងការគាំទ្រគ្នាទៅវិញទៅមក ការទុកចិត្តគ្នាទៅវិញទៅមក ដែលបង្ហាញនូវការទុកចិត្តគ្នាពីបេះដូងរវាងចិន និងកម្ពុជា ដែលយើងដល់ចំណុចចាប់ផ្តើម៦០ឆ្នាំថ្មីមួយទៀត នៃទំនាក់ទំនងចិន និងកម្ពុជា ហើយយើងមានទំនុកចិត្តដ៏រ៉ឹងមាំ និងជឿជាក់ថា ដោយការខិតខំប្រឹងប្រែងនៃមេដឹកនាំប្រទេសទាំងពីរ បេះដូងចិននិងកម្ពុជា នឹងក្លាយទៅជាសមាគមរួមវាសនាតែ​មួយ ដែលមានអត្ថន័៧ជាយុទ្ឋសាស្រ្តជាដាច់ខាត។

លោកបន្តថា “មិត្តភាពរវាងចិន និងកម្ពុជា មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរទេ ថែមទាំងមានសារៈសំខាន់សំរាប់សន្តិភាព និងស្ថេរភាពក្នុងតំបន់យើងផងដែរ”។

លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជាបាន លើកឡើងស្រដៀងនឹងអ្វីដែលជាការថ្លែងរបស់ឯកអគ្គរដ្ឋទូតចិន ដោយលោកបានមានប្រសាសន៍ថា កំនើននៃការវិនិយោគរបស់ចិន​ ដោយសារហេតុផលជាច្រើន កត្តាទីមួយគឺទំនាក់ទំនងជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ គោលនយោបាយខ្សែក្រវ៉ាត់១ ផ្លូវ១របស់ចិន កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចរបស់​កម្ពុជា និងកត្តាភូមិសាស្រ្តនយោបាយ។

លោកបន្តថា “ភូមិសាស្រ្តនយោបាយជារឿងសំខាន់មិនអាចខ្វះបាន ដោយសារនៅ​ក្នុងតំបន់នេះមានតែកម្ពុជា ជាមិត្តដ៏ល្អនិងស្មោះត្រង់របស់ចិន ខណៈអាមេរិកបានចង​សម្ព័ន្ឋមិត្តជាមួយប្រទេសថៃ និងវៀតណាម ព្រមទាំងប្រទេសជាច្រើនក្នុងតំបន់រួចទៅហើ​យ”៕

ប្រភព : www.propertyarea.asia