Register Already an agent ? Login

ពន្ធ​ប៉ាតង់​មាន​ន័យ​ដូចម្ដេច​?

ពន្ធប៉ាតង់គឺត្រូវបានកំណត់ឱ្យសហគ្រាស ក្រុមហ៊ុនទាំងអស់បង់ប្រចាំឆ្នាំគឺដើម្បីរាប់សហគ្រាស និងក្រុមហ៊ុនទាំងនោះតាមទីតាំងរដ្ឋបាលដែលសហគ្រាស និងក្រុមហ៊ុនស្ថិតនៅ។ (ពន្ធរាប់ចំនួនសហគ្រាសក្រុមហ៊ុន)។ ពន្ធនេះត្រូវបានដាក់ជាប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ។

១.តើ​ពន្ធ​ប៉ាតង់​ជា​អ្វី?

ពន្ធប៉ាតង់ ជា​ពន្ធ​កំណត់​លើ​ផល​របរ​សរុប​ប្រចាំ​ឆ្នាំ​ដែល​ត្រូវ​បង់​ក្នុង​អំឡុង​ពេល​ចាប់​ផ្តើម​ពី​ថ្ងៃ ទី ១ មករា​ដល់​ថ្ងៃ​ទី ៣១ ខែ​មិនា​ជា​រៀងរាល់​ឆ្នាំ។ សម្រាប់​សហគ្រាស ឬ ក្រុមហ៊ុន​ដែល​ទើប​ចាប់​ផ្តើម​ប្រកប​អាជីវកម្ម ត្រូវ​បង​ពន្ធ​ប៉ាតង់​ពេញ​មួយ​ឆ្នាំ ប្រសិន​បើ​ចាប់​ផ្តើម​ប្រកប​អាជីវកម្ម​ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​ ឬ បង់​ពន្ធ​ប៉ាតង់​ពាក់​កណ្តាល​ឆ្នាំ ប្រសិន​បើ​ចាប់​ផ្តើម​ប្រកប​អាជីវកម្ម​ក្នុង​រយៈពេល​៦​ខែ​ចុង​ឆ្នាំ។

សហគ្រាស ឬ ក្រុមហ៊ុន​ដែល​មាន​សាខា ឃ្លាំង រោងចក្រ​ រោងជាង សម្រាប់​មុខ​របរ​អាជីវកម្ម​តែមួយ​ នៅ​ក្នុង​ខេត្ត/ក្រុង​តែ​មួយ​ មិន​ចាំបាច់​បង់ពន្ធ​ប៉ាតង់​ផ្សេង​គ្នា​ទេ។ ប៉ុន្តែ​បើ​មាន​មុខ​របរ​អាជីវកម្ម​​ខុសៗ​គ្នា​ ឬ ស្ថិត​នៅ​ក្នុង​ខេត្ត/ក្រុង​ផ្សេង​គ្នា​ ត្រូវ​បង់​ពន្ធ​ប៉ាតង់​នៅ​តាម​មុខរបរ​នីមួយៗ​ និង​ទៅ​តាម​ខេត្ត/ក្រុង​ដោយ​ឡែក​ៗ​ពី​គ្នា។

២.តើ​ប្រាក់​ពន្ធ​ប៉ាតង់​ត្រូវ​​បាន​កម្រិត​យ៉ាង​ដូចម្តេច​​​?

កម្រិតប្រាក់​ពន្ធប៉ាតង់ត្រូវបង់​ត្រូវ​បាន​កំណត់​ដូច​ខាងក្រោម​៖

១ អ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០រៀល។

២ អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១ ២០០​ ០០០រៀល។

៣ អ្នកជាប់ពន្ធធំដែលមានផលរបរ៖

ក លើសពី ២ ០០០ លានរៀល ដល់ ១០ ០០០លានរៀល ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៣ ០០០ ០០០រៀល។

ខ លើសពី ១០ ០០០លានរៀល ត្រូវបង់ប៉ាតង់ប្រចាំឆ្នាំចំនួន ៥ ០០០ ០០០រៀល។

អ្នកជាប់ពន្ធធំដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់សកម្មភាពអាជីវកម្មតែមួយដែលស្ថិតនៅតាមរាជធានី-ខេត្តផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ចំនួន ៣ ០០០ ០០០ រៀល នៅតាមរាជធានី ខេត្តដែលអាជីវកម្មនោះស្ថិតនៅ។

ប្រភព៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

ប្រភព : www.propertyarea.asia