Register Already an agent ? Login

ក្រុមហ៊ុនចិនវិនិយោគ១៩០០លានដុល្លារលើឧស្សាហកម្មទេសចរណ៍ក្នុងខេត្តកោះកុង

ភ្នំពេញ: ក្រុមហ៊ុនលំដាប់យក្សមកពីប្រទេសចិន បានប្រកាសវិនិយោគទឹកប្រាក់​១៩០០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើរមណីយដ្ឋាន និងសេវាកម្មបដិសណ្ឋារកិច្ច​នានាក្នុងខេត្តកោះកុង។

គម្រោងវិនិយោគឈ្មោះTEMI ស្ថិតក្នុងផ្ទៃដីប្រមាណជា២៥០០ហិកតាដែលគម្រោង TEMI បានមកពីពាក្យកាត់ជាអក្សរអង់គ្លេសទេសចរណ៍ (T-Tourism) ផ្នែកអេកូឡូស៊ី(E-Ecological) សមុទ្យ(M-Marine) និងអន្តរជាតិ(I-International) ដោយបែងចែកជា៣ដំណាក់កាល ដើម្បីធ្វើការអភិវឌ្ឍ។ គម្រោង TEMI គឺជាគម្រោងសំខាន់មួយរបស់គម្រោងតារាសាគរ ដែលមានផ្ទៃដី៣ម៉ឺន៦ពាន់ហិកតា ហើយមានទីតាំងស្ថិតនៅស្រុកបុទុមសាគរ ខេត្តកោះកុង។

នាយកទីផ្សារគម្រោង TEMI កញ្ញា Lin Wang បានឲ្យដឹងក្នុងពិធីបង្ហាញ គម្រោងកាលពីសប្តាហ៍មុនថា ក្រុមហ៊ុនបន្តវិនិយោគបន្ថែមចំនួន១៩០០លានដុល្លារទៀត ក្នុងគម្រោងនេះ ដោយមានសាងជាកន្លែងជិះអូប័រកំសាន្ត ទីលានវាយកូនហ្គោល ទីកន្លែងសម្រាកលំហែកាយ តំបន់ពាណិជ្ជកម្ម ក្លឹបកំសាន្ត។ល។

កញ្ញាបន្តថា ផលិតផលដាក់បង្ហាញ គឺទីក្រុងធីមី (TEMI) ស្ថិតនៅចំបេះដូងនៃតំបន់តារាសាគរទាំងមូល មានលក្ខណៈ ជាវីឡារីសត អូប័រទេសចរណ៍ ទូកកំសាន្ត។

គម្រោងនេះគ្រោងចំណាយពេលសាងសង់រយៈពេល១០ឆ្នាំ ហើយនៅពេលសាងសង់រួច ទីក្រុងនឹងអាចផ្ទុកមនុស្សបាន៣០ម៉ឺននាក់។ បច្ចុប្បន្នទីក្រុងនេះ កំពុងសាងសង់ដែលនឹងចេញជារូបរាង ជាផ្ទះគំរូក្នុងរយៈពេលប៉ុន្មានខែក្រោយ។

កញ្ញាLin Wangបានបន្តថា យើងផ្តោតលើការបើកគម្រោង TEMI រីសតទេស​ចរណ៍ ព្រោះតំបន់TEMI ស្ថិតក្នុងបេះដូងនៃតារាសាគរទាំងមូល។ អីចឹងដើម្បីឲ្យគេដឹង គេស្គាល់ ជាលើកដំបូងឲ្យគេរើសកន្លែង ដែលល្អដើម្បីលក់ជាលើកដំបូង។ គោលដៅចូលមកនៅរបស់យើងគឺគ្រប់ ពូជសាសន៍ទាំងអស់មិនមែនថាចិន ឬខ្មែរទេ គឺផ្តល់ឲ្យគ្រប់ជាតិសាសន៍ លើពិភពលោកអាចទិញបានដូចគ្នា មានលក្ខណៈជាវីឡា វិនិយោគ ឬទិញដីសម្រាប់ការសាងសង់ខ្លួនឯង ក៏បានដែរ មាន៣ជម្រើស។

ក្រុមហ៊ុន Union City Development Group Co.Ltd និងក្រុមហ៊ុន Tianjin Intellectual Capital Investment Media Co.,Ltd កាលពីថ្ងៃទី១០ខែមករាឆ្នាំ២០១៩កន្លងមកនេះ បានរៀបចំកម្មវិធីសម្ពោធគម្រោងTEMI ជាលក្ខណៈសាកលជាលើកដំបូងនៅមជ្ឈមណ្ឌល P.G.C.T យ៉ាងជោគជ័យ។

លោកស្រីឆាវ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានស្វាគមន៍គំរោងដ៏ធំនេះ ដោយសារវានឹងជួយទាក់ទាញទេសចរណ៍ និងជំរុញកំនើនសេដ្ឋកិច្ចជាតិ ហើយនឹងធ្វើឲ្យខេត្តកោះកុងកាន់តែមានភាពរីកចម្រើនឆាប់រហ័ស ខណៈខេត្តនេះមានសក្តានុពលលើវិស័យទេសចរណ៍យ៉ាងច្រើន ដែលយើងមិនទាន់បានទាញយកសក្តានុ​ពលទាំងនោះមកប្រើប្រាស់ជាប្រយោជន៍បានច្រើននៅឡើយ។

លោកស្រីបន្តថា “ខេត្តកោះកុងមានការរីកចម្រើន និងមានសក្តានុពលខ្លាំងណាស់​សំរាប់វិស័យទេសចរណ៍ ដោយមានរមណីយដ្ឋានទាក់ទាញជាច្រើន ដែលត្រូវការអភិវឌ្ឍ​ន៍និងកែច្នៃបន្ថែមទៀត”។

ក្រុមហ៊ុនTianjin Union Development Groupដែលកំពុងវិនិយោគរមណីយដ្ឋាន​តារាសាគរ បាននិងកំពុងចាប់ផ្តើមសាងសង់ព្រលានយន្តហោះ លំដាប់អន្តរជាតិមួយនៅ​ក្នុងខេត្តនេះផងដែរ៕

ប្រភព : www.propertyarea.asia