ភ្នំពេញ៖ អ្នកជំនាញរដ្ឋាភិបាលនិងឯកជនបានអះអាងស្រដៀងគ្នាថា វិស័យសំណង់និងអចលនទ្រព្យឆ្នាំ ២០១៩នេះ នឹងមានភាពល្អប្រសើរបើធៀបនឹងឆ្នាំមុន ដោយសារកត្តាសំខាន់ៗជាច្រើន។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកសេង ឡូតបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា លោកគិតថាវិស័យនេះនឹងរីកចម្រើនខ្លាំងនៅឆ្នាំនេះ ដោយសារកត្តាសុខសន្តិភាព កំនើនសេដ្ឋកិច្ច និងសក្តានុពលនៅក្នុងវិស័យនេះនៅតែមានភាពល្អប្រសើរ។
លោកបន្តថា “ខ្ញុំគិតថាវានឹងរីកចម្រើនជាងឆ្នាំ២០១៨ ហើយធនាគារពិភពលោកក៏បានព្យាករណ៍រួចហើយថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើន៧,១ភាគរយនៅឆ្នាំនេះ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានឲ្យដឹងថា ទុនវិនិយោគក្នុងវិស័យសំណង់ឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់៥៤០០លានដុល្លារ ខណៈឆ្នាំ២០១៧ទុនវិនិយោគក្នុងវិស័យនេះមានទំហំទឹកប្រាក់៦២០០លានដុល្លារ។
លោកឃាង ពុទ្ឋីប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានយល់ស្របនឹងការលើកឡើងខាងលើ ដោយលោកបានមានប្រសាសន៍ថា អ្វីសំខាន់បន្ថែមទៀតគឺកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ពិសេសការយល់ដឹងរបស់ប្រជាពលរដ្ឋនិងអ្នកវិនិយោគកាន់តែប្រសើរជាងមុន ដែលធ្វើឲ្យវិស័យនេះមានការរីកចម្រើនប្រកបដោយស្ថេរភាព។
លោកបន្តថា “អ្វីដែលខ្ញុំចង់ឃើញគឺយុវជន និងអ្នកជំនួញនានាត្រូវបង្កើនចំណេះដឹងថ្មីៗឲ្យបានកាន់តែច្រើន ដើម្បីធ្វើឲ្យការធ្វើជំនួញរបស់ពួកគេ មានភាពជោគជ័យជានិរន្ត។
ជាមួយគ្នានេះប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរក៏បាមសម្តែងសុទិដ្ឋិនិយមផងដែរថា វិស័យសំណង់នឹងបន្តរីកចម្រើន ដោសសារកត្តាដែលលើកឡើងខាងលើ ជាពិសេសកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។លោកបន្តថា ជួនកាលបើយើងមើលតួលេខរបស់ក្រសួង ហាក់ដូចជាទុនវិនិយោគធ្លាក់ចុះ តែការពិតមិនដូច្នេះទេ ព្រោះគំរោងនិមួយៗដែលបានដាក់ជូនក្រសួង អាចចំណាយពេលច្រើនឆ្នាំក្នុងការសាងសង់ ឬមិនសាងសង់ភ្លាមៗទេ ដោយសារពួកគេត្រូវរៀបចំបែបផែនការងារជាច្រើន។
លោកបន្តថា “ខ្ញុំនៅតែមានសុទិដ្ឋិនិយមក្នុងវិស័យនេះ ហើយអ្វីដែលយើងមើលឃើញគឺអ្នកវិនិយោគបរទេសកាន់តែច្រើន បាននិងកំពុងត្រៀមចាប់ផ្តើមវិនិយោគក្នុងវិស័យលំនៅដ្ឋានបែបបុរីផងដែរ។
យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានរកឃើញថា កម្ពុជាត្រូវការលំនៅដ្ឋាន១លានខ្នងបន្ថែមទៀត ក្នុងចន្លោះឆ្នាំ២០១៥ ២០៣០។
ទោះជាយ៉ាងណាលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា បើធៀបនឹងឆ្នាំ២០១៨ និងឆ្នាំ២០១៩ គឺឆ្នាំនេះមិនរីកចម្រើនដូចឆ្នាំ២០១៨នោះទេ ដោយសារបើយើងមើលស្ថានការណ៍ គឺវិស័យនេះមិនរីកចម្រើនខ្លាំងពេកនោះទេ៕
ប្រភព : www.propertyarea.asia