ភ្នំពេញ: រដ្ឋាភិបាលកម្ពុជាសម្រេចចេញអនុក្រឹត្យ បង្កើតតំបន់ការពារទេសភាព បឹងលំកុដ ដែលមានទំហំផ្ទៃដី១១០,៩១ ហិកតា ដែលស្ថិតក្នុងភូមិសាស្រ្ត ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
យោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៩ ខែមករាឆ្នាំ ២០១៩ បានគូសបញ្ជាក់ថា ការបង្កើតតំបន់ការពារទេសភាពបឹងលំកុដនេះ ធ្វើឡើងដើម្បីធានាការថែករក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌។ ថែរក្សាការពារលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តភាព។
លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណៈជនក្នុងការរួមចំណែកដលការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ក្នុងតំបន់។ ថែរក្សាការពារ វប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និងសារៈសំខាន់ផ្នែកវប្បធម៌របស់សហគមន៍មូលដ្ឋាន។ និងបង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់។
មាត្រា៣ នៃនៃអនុក្រឹត្យនេះ បញ្ជាក់ថា “ផ្ទៃដីអនុក្រឹត្យតំបន់ការពារទេសភាព បឹងលំកុដ នេះ មានរួមបញ្ចូលដីកម្មសិទ្ធិឯកជន និងដីប្រើប្រាស់ជាប្រយោជន៍សាធារណៈ”។
លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឲ្យដឹងថា បច្ចុប្បន្ននេះ ប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមានតំបន់ការពារធម្មជាតិចំនួន និងរបៀងអភិរក្សជីវៈចម្រុះសរុបជិត ៦០ កន្លែងមានផ្ទៃដីទំហំ៧, ៥ លានហិកតា ស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។
លោកបន្តថា “រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានចាត់វិធានការចាំបាច់នានាដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅទៀត”៕