Register Already an agent ? Login

សម្តេចតេជោ: រដ្ឋាភិបាលបង្កើនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋដើម្បីពង្រីកការអភិវឌ្ឍទៅកាន់បណ្តាខេត្តនានា

​ភ្នំពេញ:​ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា រដ្ឋាភិបាលបង្កើ​នការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗ ដើម្បីពង្រីកការវិនិយោគទៅកាន់បណ្តាខេត្តនានា។

​ក្នុងឳកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី៩ មករាកន្លងមកថា បច្ចុប្បន្នផ្លូវជាតិលេខ៣នេះ បាននឹងកំពុងពង្រីកទៅជា៤គន្លង ដែលនៅពេលខាងមុខនេះ នឹងដាក់ឲ្យដំណើរការ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងអាជីវករ ហើយក៏នឹងកាន់តែទាក់ទាញនូវវិនិយោគផ្សេងៗជាច្រើនបន្ថែមទៀតពីបរទេស។សម្តេចបន្តថា ការរីកចម្រើនទាំងអស់នេះគឺកើតឡើងបានក្រោយ ពីយើងបានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ ដែលក្នុងរយៈពេល២០ ឆ្នាំកន្លងមកនេះ បានធ្វើឲ្យរាជរដ្ឋាភិបាលមានឱកាសគ្រប់គ្រាន់ ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនរបស់ជាតិ។

​ជាមួយគ្នានេះសម្តេចតេជោ ក៏បានលើកឡើងពីការពង្រីកផ្លូវជាតិលេខ២ ដែលនឹងធ្វើឡើងនៅពេលឆាប់ៗនេះផងដែរ ដើម្បីពង្រីកការតភ្ជាប់និងសមាហរណកម្មផ្ទៃក្នុងប្រ​ទេសកាន់តែបានល្អប្រសើរថែមទៀត។

ជាមួយនឹងការលើកឡើងនូវសក្តានុពលខេត្តតាកែវ សម្តេចតេជោនាយករដ្ឋមន្ត្រី បានហៅតំបន់រោងចក្រក្នុងខេត្តតាកែវនេះថាជា “បុប្ផាលាក់ខ្លួន” ព្រោះនៅក្នុងតំបន់រោងចក្រនេះ មានផលិតនូវផលិតផលដែលជាតម្រូវការ នៅលើពិភពលោកផងដែរដូចជា ម៉ូទ័រ និងបង្គុំទូរស័ព្ទដៃជាដើម។

ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ថា ខេត្តតាកែវនេះ ក៏ជាខេត្តមួយដែលមានសក្តានុពលខ្លាំង ជាពិសេសមានរោងចក្រ សហគ្រាស រីកចម្រើនកើតមានឡើងបន្តបន្ទាប់ជាច្រើន ដែលកំពុងជំរុញវិស័យឧស្សាហកម្ម និងផ្តល់ការងារដល់ប្រជាពលរដ្ឋជាច្រើន។

ផ្លូវជាតិលេខ៣ ជាផ្លូវដ៏សំខាន់មួយដែលតភ្ជាប់រវាងរាជធានីភ្នំពេញ ទៅកាន់ខេត្ត​កំពត ដែលមានប្រវែង១៤៨គីឡូម៉ែត្រឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ និង

ខេត្តកំពត។

​អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាធ្លាប់បាន​មានប្រសាសន៍ថា ផ្លូវជាតិសំខាន់នេះបានបើកការដ្ឋានសាងសង់រួចហើយ និងគ្រោងបញ្ចប់នៅឆ្នាំ២០២១ខាងមុខនេះ។

ផ្លូវនេះនឹងត្រូវពង្រីកជា៤គន្លងរថយន្ត និងមានសួនច្បារចំកណ្តាល ប៉ុន្តែទំហំផ្លូវ៤គន្លងនេះនឹងសាងសង់ចាប់ពីរាជធានីភ្នំពេញ ទៅតំបន់បាយគូស ដែលជាចំណុចផ្លូវបំបែករវាងខេត្តកំពត និងខេត្តកែបប៉ុណ្ណោះ។លោកបន្តថា ចាប់ពីតំបន់បាយគូសទៅដល់ក្រុងកំពត ផ្លូវនេះនឹងពង្រីកទំហំពី៩ម៉ែត្រទៅ១១ម៉ែត្រប៉ុណ្ណោះ។

​ជាមួយគ្នានេះសម្តេ​ច ក៏ប្រកាសពង្រីកការសាងសង់ផ្លូវជាតិលេខ៤៨ សម្រាប់រថយន្ត៤គន្លង និងពង្រីកការលើកកំពស់ផ្លូវជាតិលេខ៤ ការកសាងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុជាដើម៕

ប្រភព : www.propertyarea.asia