ភ្នំពេញ៖ លោកឧកញ៉ា ម៉ុង រិទ្ធី ដែលជាមហាសេដ្ឋីផ្នែកកសិក្មដ៏ធំនៅកម្ពុជាបានគ្រោងចាប់ផ្តើមវិនិយោគលើវិស័យអចលនទ្រព្យជាថ្មី តាមរយៈការសាងសង់ផ្ទះតម្លៃសមរម្យ ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ។
ឧកញ៉ារូបនេះធ្លាប់មានប្រសាសន៍កាលពីពេលថ្មីៗនេះថា លោកកំពុងតែមានគំរោងដ៏ធំមួយ ដើម្បីសាងសង់ផ្ទះលំដាប់មធ្យម ដែលផ្ទះនិមួយៗឋិតនៅលើផ្ទៃដី១២០០ ម៉ែត្រការ៉េដែលមានបរិស្ថាសស្អាត និងសេវាដាំថែទាំដើមឈើហូបផ្លែ មានទឹក ភ្លើង និងប្រព័ន្ធសុវត្ថិភាពជាដើម ដែលស្ថិតនៅក្នុងខេត្តកំពុងស្ពឺ ដែលមានចម្ងាយត្រឹមតែ៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
លោកឧកញ៉ាម៉ុង រិទ្ឋីបានអោយដឹងថា “ដើម្បីកែប្រែលំនៅដ្ឋានប្រជាជនដែលរស់នៅតំបន់ទីជនបទ អោយក្លាយទៅជាលំនៅដ្ឋានប្រកបដោយផាសុកភាព ខ្ញុំបាននិងកំពុងតែរៀបចំផ្ទៃដីទំហំប្រមាណជាជាង៣០០ហិកតា សម្រាប់សាងសង់លំនៅឋានលំដាប់មធ្យមក្នុងតម្លៃសមរម្យ។
គំរោងលំនៅដ្ឋាននេះ នឹងសាងសង់នៅលើផ្ទៃដី១២០០ម៉ែត្រការរ៉េសម្រាប់ផ្ទះមួយខ្នងៗ រួមជាមួយនឹងសេវាដាំថែទាំដើមឈើហូបផ្លែ មានទឹក ភ្លើង ប្រព័ន្ធសុវត្ថិភាព មានផ្លូវប្រវែងជាងសែសិបគីឡូម៉ែត្រសម្រាប់ដើរ ឬជិះកង់ហាត់ប្រាណប្រកបដោយសុវត្ថិភាព មានភ្នំដែលខ្ញុំបានថែរក្សាទុកដើមឈើផ្លែកៗ រាប់លានដើមជាច្រើនប្រភេទ ដើមឈើមួយចំនួនបានបញ្ចេញផ្កា ទៅតាមរដូវកាលគួជាទីគយគន់ មានសត្វព្រៃជាច្រើនប្រភេទសត្វស្លាប មាន់ព្រៃ ជ្រូកព្រៃ ដើមឈើមួយចំនួនដុះនៅតំបន់ភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនេះក្នុងព្រះរាជាណាចក្រ កម្ពុជាយើងមិនមានដូចគ្នាទេ ទីតាំងនេះមានចម្ងាយតែត្រឹម៥០គីឡូម៉ែត្រពីភ្នំពេញ បើយើងធ្វើដំណើរតាមផ្លូវជាតិលេខបួន ពីភ្នំពេញចំណាយពេលមិនដល់មួយម៉ោងផង។
លោកបញ្ជាក់ថា ទាំងដី ផ្ទះ និងការរៀបចំអោយមានសុភណភាពស្រស់បំព្រង មានតម្លៃមិនលើសពី១០ម៉ឺនដុល្លារនោះទេ៕
ប្រភព : www.propertyarea.asia