Register Already an agent ? Login

គម្រោងសាងសង់ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី វឌ្ឍនភាព៤៥% គ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គម្រោងការសាងសង់ស្ពានអាកាសភ្លោះ "សម្តេចមហាបវរធិបតី" ការដ្ឋានទាំងមូលសម្រេចបានប្រមាណ ៤៥%ហើយ ដោយគ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥។ បើតាមទំព័រហ្វេសប៊ុកផ្លូវការ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។

គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ (ធ្នឹមរាងអក្សរ I) ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមក ខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ ១៦១ម៉ែត្រ។

-ស្ពានទី១ ផ្លូវឯកទិស មានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។

-ស្ពានទី២ ផ្លូវឯកទិស មានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន។

សូមរម្លឹកថា ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី បានធ្វើពិធីបើកការដា្ឋន កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពពី សម្តេចបវរធិបតី ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ ចំនួន ១៦,២០០,៥០០ដុល្លារ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ ចំនួន១២ខែ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន រាជធានីភ្នំពេញមានស្ពានអាកាសចំនួន៩ ដែលកំពុងប្រើប្រាស់ និងស្ថិតក្នុងការសាងសង់រួមមាន៖ ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៥មករា, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» ,ស្ពានអាកាសរង្វង់មូលចោមចៅ ,ស្ពានអាកាសឫស្សីកែវ ស្ពានអាកាសមរតកតេជោ និងស្ពានអាកាសភ្លោះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)