Register Already an agent ? Login

វឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន៩៤% គិតជាទឹកប្រាក់ ១ ៤០០លានដុល្លារ

ភ្នំពេញ៖ វឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៩៤% ចំណាយទឹកប្រាក់ជិត ១ ៤០០លានដុល្លារ លើការងារសាងសង់ និងការងារដោះស្រាយផលប៉ះពាល់។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) វឌ្ឍនភាពសម្រេចបាន ៩៤% ដោយបានចំណាយទឹកប្រាក់ប្រមាណ ១ ៤០០លានដុល្លារ។

ព្រលានយន្តហោះអន្តរជាតិតេជោ គ្រោងនឹងបញ្ចប់ការសាងសង់និងផ្ទេរនូវប្រតិបត្តិការពីព្រលានយន្តចាស់ទៅព្រលានយន្តហោះថ្មី នៅក្នុងខែឧសភា ឆ្នាំ២០២៥ បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥។ បើតាមការបញ្ជាក់ លោក ស៊ីន ចាន់សិរីវុត្ថា។

បើតាម អ្នកនាំពាក្យរូបនេះ បានបន្តថា ការងារសំណង់ធំសំខាន់ធំៗ ដូចជាការងារពាក់ព័ន្ធសំណង់ស្ថានីយអ្នកដំណើរ/Passenger Terminal Building ការងារពាក់ព័ន្ធសំណង់មជ្ឈមណ្ឌល ផ្គត់ផ្គង់ថាមពល/Power House និងការងារពាក់ព័ន្ធទៅនឹងសំណង់ទីលានចតយន្តហោះ/Aircraft Apron-Parking) បានបញ្ចប់មួយផ្នែកធំនៅក្នុងបំណាច់ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ និងមួយចំនួនតូចក្នុងខែមករា ឆ្នាំ២០២៥នេះផងដែរ។

គួរបញ្ជាក់ថា អាកាសយានដ្ឋាន​អន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋាននេះ ត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទីមួយ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាប្រភេទ 4F គឺប្រភេទព្រលាន​យន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕