Register Already an agent ? Login

គម្រោងចំនួន៤២ ក្រោមទុនវិនិយោគ ៥៦៤លានដុល្លារ នៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស

ភ្នំពេញ៖ ជាលើកទី១ សម្រាប់ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន៤២ ដែលមានទុនវិនិយោគសរុប ៥៦៥លានដុល្លារ។

លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី១៣ ដើម្បីពិនិត្យគម្រោងវិនិយោគនិងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

បើតាមគម្រោងចំនួន៤២ ដែលមានទុន ៥៦៤លានដុល្លារ ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ៧ ៣០៨កន្លែង មានជាអាទិ៍ គម្រោងភណ្ឌាគារគយមានដែនកំណត់, គម្រោងផ្ទះលំហែនៅកោះរ៉ុងសន្លឹម, គម្រោងរមនីយដ្ឋាន អេកូ កសិទេសចរណ៍, គម្រោងសួនឧស្សាហកម្ម, គម្រោងសណ្ឋាគារ, និង គម្រោងអគារពហុមុខងារ។ បើតាមកិច្ចប្រជុំនេះ។

រាជរដ្ឋាភិបាលបានយល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរក្សាវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និង ឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល។ ជាការលើកឡើង លោក ហ៊ាន សាហ៊ីប។

ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានលើកឡើងបន្តថា សម្រាប់ទិសដៅការងារក្នុងឆ្នាំ២០២៥ ក្រុមការងារត្រូវបន្តបំពេញភារកិច្ចស្នូលចំនួន ៣ ឱ្យទទួលបានលទ្ធផលល្អប្រសើរ រួមមាន៖

១-បន្តពិនិត្យផ្តល់ការលើកទឹកចិត្តពិសេស ការប្រឹក្សាយោបល់ និង បដិសណ្ឋារកិច្ច និង ធ្វើការផ្សព្វផ្សាយ ដើម្បីទាក់ទាញ និង ជំរុញការវិនិយោគ ក្នុងក្របខណ្ឌនៃយន្តការច្រកចេញចូលតែមួយ

២-បន្តពិនិត្យ និង ជំរុញការអនុវត្តគម្រោងវិនិយោគនិងធុរកិច្ច រួមទាំងការផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដល់គម្រោងដែលទទួលបានការលើកទឹកចិត្តរួចហើយ ពិសេសការដោះស្រាយគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង និងដំណើរការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌនៃការផ្តល់សេវាថែទាំវិនិយោគ និងការសម្របសម្រួល

និង ៣-បន្តពង្រឹងសមត្ថភាព និង ការរៀបចំធនធានមន្ត្រី ដោយប្រកាន់ខ្ជាប់ការគ្រប់គ្រងមន្ត្រីដែលទទួលខុសត្រូវ និង មានគុណវុឌ្ឍិ ក្នុងការគ្រប់គ្រងដឹកនាំអនុវត្តការងារជាប្រចាំ ដើម្បីធានាប្រសិទ្ធភាព និង ភាពម្ចាស់ការ ព្រមទាំងទាក់ទាញការវិនិយោគសក្តានុពលសំខាន់ៗ។

ភាពជោគជ័យនៃការអនុវត្តកម្មវិធីពិសេសក្នុងឆ្នាំ២០២៤ ហើយដែលទទួលការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាល កើតឡើងពីកិច្ចខិតខំប្រឹងប្រែង ការចូលរួម ការគាំទ្រ ការប្តេជ្ញា និងឆន្ទៈខ្ពស់របស់សមាជិកក្រុមការងារ ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ ជាការលើកឡើងបនន្តទៀត លោក ហ៊ាន សាហ៊ីប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)