បច្ចុប្បន្នេះ សម្រាប់ដីដែលស្ថិតនៅតាមតំបន់ជាយរាជធានីភ្នំពេញ កំពុងតែបន្តកើនឡើងនូវតម្លៃគួរឱ្យកត់សម្គាល់ ជាពិសេសដីដែលស្ថិតនៅក្នុងខណ្ឌដង្កោតែតែម្ដង។ ដោយឡែកសម្រាប់ដីដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ3 ដែលចេញពីរង្វង់មូលចោមចៅ ខណ្ឌមានជ័យ ឆ្ពោះទៅកាន់ខេត្តតាកែវ និងកំពតនោះក៏មានកំពុងមានសន្ទុះខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Centur21 Mekong បានទទួលស្គាល់ថា បច្ចុប្បន្ននេះចំពោះតម្លៃដីតាមបណ្តោយផ្លូវជាតិលេខ3កំពុងតែមានភាពពុះកញ្ជ្រោលពិតមែន ដែលឡើងប្រមាណជាង 30-40 ភាគរយ ក៏ប៉ុន្តែលោកថាមិនមែនឡើងថ្លៃគ្រប់តំបន់នោះទេ ។ លោកបានបញ្ជាក់ថា ៖ «តម្លៃដីវាឡើងនៅតាមតំបន់មួយចំនួន ដូចជាតំបន់ដែលមានសកម្មភាពពាណិជ្ជកម្ម ក៏ដូចជាតំបន់ដែលមានរោងចក្រ និងទីប្រជុំជនជាដើម។ ដោយឡែកចំពោះដីដែលស្ថិតនៅតំបន់មិនទាន់មានសកម្មភាពអភិវឌ្ឍ គឺហាក់នៅទ្រឹងនៅឡើយ។
កត្តាដែលជម្រុញឱ្យដីនៅតាមបណ្តោយផ្លូវជាតិលេខ3ឡើងថ្លៃ ក៏ព្រោះតែ ទី1រដ្ឋាភិបាលមានគម្រោងអភិវឌ្ឍពង្រីកផ្លូវជាតិរហូតដល់4គន្លង និងមានសួនច្បារនៅចំកណ្តាលដូចផ្លូវជាតិលេខ 6A ។ ទី2 ដោយសារកត្តាប្រជាសាស្ត្រមានការកើនឡើង ដែលតម្រូវឱ្យមានកំណើនសំណង់លំនៅដ្ឋាន ។ ជាក់ស្ដែងដូចជាពេលបច្ចុប្បន្ននេះស្រាប់ បណ្តាអ្នកវិនិយោគមួយចំនួនបាន និងកំពុងធ្វើការវិនិយោគទៅលើតំបន់នេះយ៉ាងគំហុក ដូចជាការពុះដីឡូតិ៍ និងការអភិវឌ្ឍសំណង់លំនៅដ្ឋានជាដើម ហើយទី3 គឺកត្តាកំណើនសេដ្ឋកិច្ចតែម្ដង។
បន្ថែមពីនេះ លោក ច្រឹក សុខនីម ក៏បានបង្ហាញពីក្ដីរំពឹងទុកផងដែរថា ផ្អែកតាមភាពជាក់ស្ដែងដែលកំពុងមានល្អប្រសើរលើការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ សម្រាប់ដីនៅតាមបណ្តោយផ្លូវជាតិលេខ3 នឹងបន្តកើនតម្លៃកាន់ខ្ពស់នៅត្រឹមរយៈពេល3-5ឆ្នាំ ខាងមុខនេះ ៕
ប្រភព : Property area