Register Already an agent ? Login

OCIC បោះទុន១៥០លានដុល្លារសាងសង់ហេដ្ឋារចនាសម្ព័ន្ឋលើទីក្រុងរណបថ្មី

ភ្នំពេញ: រហូតមកទល់ពេលនេះការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ដូចជាប្រព័ន្ឋផ្លូវដែលមានប្រវងសរុប៣០គីឡូម៉ែត្រ លូ៦០គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀតនៅទីក្រុងរណបជ្រោយចង្វារសម្រេចបាន៧០ភាគរយហើយ ដោយចំណាយទុនវិនិយោគប្រមាណ១៥០លានដុល្លារអាមេរិក។

លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទុនវិនិយោគក្នុងទឹកប្រាក់១៥០លានដុល្លារនេះ មិនទាន់រាប់បញ្ចូលការចាក់ខ្សាច់បំពេញផ្ទៃដីជាង១០០ហិកតា នៅក្នុងទីក្រុងរណបនេះ ដែលយើងគ្រោងរៀបចំទីក្រុងនេះ ជាតំបន់ពាណិជ្ជកម្មដូចតំបន់ស្ថិតនៅស្របមហាវិថីព្រះមុនីវង្ស នាពេលបច្ចុប្ប​ន្ននេះ”។

​លោកបន្តថា “បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់ផ្ទះល្វែងតម្លៃចាប់ពី១៥ ទៅ២៥ម៉ឺនដុល្លារ និងអាគារពាណិជ្ជកម្មកំពស់១០ទៅ១២ជាន់ និងការិយាល័យកណ្តាលរបស់OCIC កំពស់២០ជាន់នៅទីក្រុងរណបនេះ”។ លោកបន្តថា “ចំណែកដំណា​ក់កាលបន្ទាប់ទៀត យើងនឹងធ្វើឡើងបត់បែនស្របតាមការវិវិត្តនៃសេដ្ឋកិច្ចសង្គម​កម្ពុជា”។

ទីក្រុងរណបជ្រោយចង្វារដំបូងឡើយមានផ្ទៃដី៣៨៧ហិកតា ប៉ុន្តែក្រោយពេលកាត់ជូនប្រជាពលរដ្ឋ និងកាត់ចេញនូវហេដ្ឋារចនាសម្ព័ន្ឋនានា ផ្ទៃដីទីក្រុងរណបនេះនៅសល់តែ១៤០ហិកតាប៉ុណ្ណោះ ក្នុងនោះផ្ទៃដី១០ភាគរយនឹងទុកជូនម្ចាស់ដីនៅតំបន់នេះ ដែលពួកគេអាចមកទទួលយកបានគ្រប់ពេល។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកទូច សំណាង។

លោកទូច សំណាងបានបន្តថា ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគតជាតំបន់ដែលស្ថិតនៅលើទីតាំងដ៏ល្អ​ប្រសើរបំផុត ដោយសារតំបន់នេះមានទន្លេរពីអមសង​ខាង ដែលផ្តល់នូវលក្ខខ័ណ្ឌអាកា​សធាតុដ៏ល្អបំផុត ពិសេសការសាងសង់ទីក្រុងនៅស្របតាមមាត់ទន្លេឬមាត់សមុទ្រ គឺជាជម្រើសទី១របស់អ្នកវិនិយោគនានា ដើម្បីទាក់ទាញអតិថិជន ក៏ដូចជាអ្នកជំនួញអាចប្រ​កបអាជីវកម្ម និងរស់នៅប្រកបដោយភាពសុខដុម។

​អគ្គនាយកក្រុមហ៊ុនCentury21 Mekongលោកច្រឹក សុខនីមបានថ្លែងថា តំបន់ជ្រោយចង្វារ ជាតំបន់ដ៏ល្អដោយសារវាមានទីតាំងនៅជិតតំបន់ពាណិជ្ជកម្មកណ្តាលក្រុង ជាងគេ ជាតំបន់មានលក្ខខ័ណ្ឌអាកាសធាតុល្អ និងមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋយ៉ាងប្រសើរ ដែលងាយស្រួលចេញចូល និងងាយស្រួលធ្វើលំហូរចរាចរណ៍។លោកបន្តថា ដោយសារតំបន់នេះមានលក្ខខ័ណ្ឌអំណោយផលបែបនេះ ទើបគំរោងអភិវឌ្ឍន៍ទីក្រងរណបថ្មីៗ និងគំរោងខុនដូ អាផាតម៉ិនជាច្រើនបាននិងកំពុងដុះដាលនៅតំបន់នេះ។

​លោកបន្តថា “ខ្ញុំជឿថាគំរោងរបស់OCICនឹងទទួលបានជោគជ័យ ដោយសារក្រុមហ៊ុនមានមូលដ្ឋានអតិថិជនស្រាប់ និងមានកេរ្ត៍ឈ្មោះល្អ ដែលធ្វើឲ្យគំរោងអភិវឌ្ឍន៍​របស់ពួកគេតែងតែទទួលបានជោគជ័យ”៕

ប្រភព : Property area