ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc បង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡា នាំចេញទៅកាន់អាមេរិក។ ខណៈ បច្ចុប្បន្ន កម្ពុជាបានប្រើប្រាស់ថាមពលកកើតឡើងវិញរហូតដល់ ៦២% រួចហើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc និងលោកស្រី Lyna Lam ស្ថាបនិកមូលនិធិពុទ្ធសាសនិកខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
បើតាមជំនួបនេះ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ លោក Chris Larsen បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះ នាយកប្រតិបត្តិ បានជម្រាបជូន សម្ដេចធិបតី អំពីចំណាប់អារម្មណ៍ក្រុមហ៊ុនរបស់លោក ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក។
ជាមួយគ្នានោះ លោក Chris Larsen និងលោកស្រី Lyna Lam បានជម្រាបជូន សម្ដេចធិបតី អំពីសកម្មភាពរបស់មូលនិធិពុទ្ធសាសនិកខ្មែរ ដែលបានចូលរួមថែរក្សា និងអភិរក្សវប្បធម៌ប្រពៃណីខ្មែរនៅសហរដ្ឋអាមេរិក តាមរយៈការកសាងវត្តអារាម ពិសេសនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងក៏បានបង្ហាញពីបំណងចូលរួមចំណែកជួយដល់ការសិក្សាអប់រំរបស់កុមារកម្ពុជានៅតាមទីជនបទផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះ លោកនាយកប្រតិបត្តិដែលចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ ជាពិសេសការផលិតបន្ទះថាមពលសូឡា។
សម្ដេច បានមានប្រសាសន៍ថា ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនស្របទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ តាមរយៈការដាក់ចេញគោលដៅឈានទៅសម្រេចអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ និងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ២០៣០ បច្ចុប្បន្នកម្ពុជាបានប្រើប្រាស់ថាមពលកកើតឡើងវិញរហូតដល់ ៦២% រួចហើយ។
ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ក្រុមហ៊ុននៅកម្ពុជា នឹងចូលរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជារវាងវិស័យឯកជននិងវិស័យឯកជន កម្ពុជា-សហរដ្ឋអាមេរិក ផងដែរ។ ជាការគូសបញ្ជាក់ សម្ដេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បន្ថែមទៀត។
ចំពោះការរួមចំណែកថែរក្សា និងអភិរក្សវប្បធម៌ប្រពៃណីខ្មែរនៅអាមេរិក សម្ដេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកសាងវត្តអារាមនៅអាមេរិក របស់លោក Chris Larsen និងលោកស្រី Lyna Lam។ សម្ដេចក៏បានសង្កត់ធ្ងន់ថា វត្តអារាមមិនត្រឹមតែជាទីជួបជុំសម្រាប់សហគមន៍ខ្មែរប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកដល់ការបណ្ដុះបណ្ដាលផ្នែកភាសា និង សិល្បៈ ការថែរក្សាវប្បធម៌ និងប្រពៃណីខ្មែរ ផងដែរ។
ប្រមុខរាជរដ្ឋាភិបាល បានលើកទឹកចិត្តដល់ លោក Chris Larsen និងលោកស្រី Lyna Lam ឱ្យបន្តសកម្មភាពដែលគាំទ្រដល់ការថែរក្សា និងអភិរក្សវប្បធម៌និងប្រពៃណីខ្មែរបន្ថែមទៀត និងរីករាយចំពោះបំណងនិងសមានចិត្តជួយដល់ការសិក្សាអប់រំរបស់កុមារកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)