Register Already an agent ? Login

ប្រជាពលរដ្ឋ៣ភូមិ នៅឃុំល្វាសរ ស្រុកល្វាឯម ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីជាង ២ពាន់បណ្ណ ពីអភិបាលខេត្តកណ្តាល

កណ្តាល៖ ប្រជាពលរដ្ឋស្ថិតនៅភូមិល្វាសរលើក ភូមិល្វាសរកណ្ដាល និងភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,០១០បណ្ណ ពីលោក គួច ចំរើន អភិបាលខេត្តកណ្តាល។

ប្រជាពលរដ្ឋទាំង៣ភូមិ ទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដីធ្លីបានចុះបញ្ជី មានបណ្ណកម្មសិទ្ធ គឺមានសុវត្ថិភាព និងជាមូលធន។ ជាការថ្លែង លោក គួច ចំរើន ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

លោក បានគូសបញ្ជាក់ថា ការចែកបណ្ណកម្មសិទ្ធប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋសំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។

ដីធ្លី បានចុះបញ្ជី មានប័ណ្ណកម្មសិទ្ធ គឺមានសុវត្ថិភាព និងជាមូលធនរបស់កម្មសិទ្ធិករ។ ក្នុងន័យនេះ ដីធ្លីបានចុះបញ្ជី មានបណ្ណកម្មសិទ្ធមានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់ ជួល បញ្ចាំ ធ្វើអំណោយ។ល។ ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ជាការថ្លែងបន្ត អភិបាលខេត្តកណ្តាល។

អភិបាលខេត្តកណ្ដាល បានអំពាវនាវឱ្យប្រជាពលរដ្ឋ សូមកុំខ្ចីកម្ចីអនឡាញ ព្រោះកម្ចីអនឡាញ គឺជាកម្ចីខុសច្បាប់ ដោយបានគូសបញ្ជាក់ថា កម្ចីអនឡាញនេះ គឺពិតជាគ្រោះថ្នាក់ណាស់ សម្រាប់ប្រជាពលរដ្ឋ ព្រោះថាមានការខ្ចីពីមួយទៅមួយបន្តគ្នា ហើយចំនួននៃការជំពាក់មានការកើនឡើងទ្វេដង។

ដូច្នេះ ប្រសិនបើប្រជាពលរដ្ឋណា មានការជំពាក់កម្ចីអនឡាញ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកលោកផ្ទាល់ ដើម្បីឱ្យអាជ្ញាធរមានមូលដ្ឋានក្នុងការពិនិត្យ និងសម្របសម្រួល ជៀសវាងបំណុលអនឡាញមានការកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យប្រជាពលរដ្ឋប្រឈមនឹងការគិតខ្លី ឬអាចឈានដល់ការបញ្ចប់ជីវិតជាដើម។ ជាការបន្ថែម លោក គួច ចំរើន។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា គិតមកដល់ពេលនេះចុះបញ្ជីបាន ៦០ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង ៥៣១ភូមិ លើ១០១០ភូមិ គឺស្មើនឹង ៥២% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៤៩,២៨០ ក្បាលដី។

លោក បានបន្តថា ក្នុងនោះ ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ៣៩០,០១០បណ្ណ និងធ្វើការចែកបណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២២៩លើក ស្មើនឹង ៣១២,៤៦០បណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៣០ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិល្វាសរលើ ចំនួន ៤៩២បណ្ណ ភូមិល្វាសរកណ្ដាលចំនួន ៤៩៦បណ្ណ និងភូមិល្វាសរក្រោមចំនួន ៨២៤បណ្ណ ឃុំល្វាសរ ស្រុកល្វាឯម សរុបចំនួន ២,០១០បណ្ណ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)