ភ្នំពេញ៖ អ្នកធ្វើដំណើរ តាមជើងហោះហើរ មានប្រមាណ ៥.៦លាននាក់ គឹតត្រឹមឆ្នាំ២០២៤ ហើយរំពឹងថានៅឆ្នាំ២០២៥ ចំនួនអ្នកធ្វើដំណើរតាមជើងហោះហើរ មានការកើនឡើងលើស ៧លាននាក់ ក្នុង១ឆ្នាំ។ បើតាមទំព័រហ្វេសប៊ុកសម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា។
កម្ពុជា-ចិន បានចាប់ផ្ដើមបើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន (Xi’an) មកកាន់រាជធានីក្រុងភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Spring Airlines នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដោយមានភ្ញៀវទេសចរជិះតាមជើងហោះហើរចំនួន ១២២នាក់។
ក្នុងពិធីទទួលស្វាគមន៍ ជើងហោះហើរត្រង់ទី១ នេះ ដោយមានការចូលរួម ពីលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ទំនាក់ទំនងកម្ពុជា-ចិន ជាពិសេសភ្ញៀវទេសចរចិន មានការកើនឡើង ដោយសារអ្នកធ្វើដំណើរ ជើងហោះហើរ និងក្រុមហ៊ុនអាកាសចរណ៍ចិន បានពង្រីកជើងហោះហើរ។
ភ្ញៀវបរទេស ចូលមកប្រទេសកម្ពុជា ចន្លោះពីខែមករា-ខែវិច្ឆិកា ឆ្នាំ២០២៤ មានចំនួនសរុប ៦លាននាក់ កើន ២២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មាន ៤,៩២លាននាក់។ បើតាមរបាយការណ៍ក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍ បានបន្តថា ក្នុងចំនួនខាងលើ គឺភ្ញៀវមកពីប្រទេសចិនស្ថិតនៅលេខរៀងទី៣ ដោយមានចំនួន ៧៦៩ ៧៧៥នាក់ កើនឡើង ៥៤,៥% នៃចំនួនភ្ញៀវបរទេសសរុប។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៩ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសច្រើនបំផុត ៦,៦១លាននាក់ កើនឡើង ៦,៦% បើធៀបនឹងឆ្នាំ២០១៨ ក្នុងនោះ ភ្ញៀវមកពីប្រទេសចិនឈរលើគេ មានចំនួន ២,៣៦លាននាក់ កើន ១៦,៧%។ ភ្ញៀវជនជាតិចិនបានគ្រប់គ្រង ៣៥,៧% នៃចំនួនភ្ញៀវបរទេសសរុប៕
ដោយ៖ មឿន ឌីណា (Moeun Dyna)