Register Already an agent ? Login

ដីនិងផ្ទះណាខ្លះដែលត្រូវបង់ពន្ធអចលនទ្រព្យ?

ច្បាប់ពន្ធអចលនទ្រព្យ ត្រូវបានចាប់ផ្តើមអនុវត្តចាប់តាំងពីឆ្នាំ ២០១១ មកម្ល៉េះ។ បើយោងទៅតាមការប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការប្រមូលពន្ធនេះធ្វើឡើងចំពោះតែអចលនទ្រព្យដែលមានតម្លៃលើសពី ១០០,០០០,០០០ រៀល (មួយរយលានរៀល) ឬ ស្មើនឹង ២៥ ០០០ ដុល្លារ (ពីរម៉ឺនប្រាំពាន់ដុល្លារអាមេរិក) ប៉ុណ្ណោះ ប៉ុន្តែអ្នកដែលមានអចលនទ្រព្យតម្លៃត្រឹម ១០០០០០០០០រៀល ឬតិចជាងនេះមិនមានកាតព្វកិច្ចចុះបញ្ជីប្រកាសពន្ធឡើយ ។ 

តាមការប្រកាសតម្លៃដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ជាប់នឹងដីនោះ នឹងត្រូវគណនាទៅតាមតម្លៃដី និងសំណង់ បន្ទាប់ពីមានការវាយតម្លៃពីគណៈកម្មការរបស់ក្រសួង យោងតាមតម្លៃទីផ្សារជាក់ស្តែង ។ ពន្ធនេះត្រូវប្រមូលជារៀងរាល់ឆ្នាំក្នុងអត្រា ០,១% លើតម្លៃអចលនទ្រព្យដែលមានតម្លៃលើសពី ១០០ ០០០ ០០០រៀល។ ហើយពន្ធដែលប្រមូលដោយមន្ត្រីពន្ធដាររបស់រដ្ឋ និងត្រូវបង់ចូលក្នុងគណនីទោលនៃរតនាគារជាតិ ដើម្បីបានជាថវិកាជាតិសម្រាប់ការប្រើប្រាស់របស់រដ្ឋាភិបាលថ្នាក់ជាតិ និងក្រោមជាតិ (រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ សម្រាប់ការអភិវឌ្ឍមូលដ្ឋាន)។

គួរបញ្ជាក់ដែរថា កាលបរិច្ឆេទបង់ពន្ធលើអចលនទ្រព្យឆ្នាំ២០១៧នេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំមករហូតដល់ថ្ងៃទី៣០ កញ្ញាខាងមុខនេះ ហើយការបង់ពន្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ ចំពោះម្ចាស់អចលនទ្រព្យទាំងឡាយណាដែលមិនមកប្រកាសបង់ពន្ធក្នុងអំឡុងពេល ឬក្រោយការពន្យារពេលខាងលើនេះ នឹងត្រូវទទួលរងនូវទោសទណ្ឌស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕

ប្រភព៖ Post Khmer