
ភ្នំពេញ៖ បណ្តាសមាជិកសមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិកហុងកុង ចំនួន១០ បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការបណ្តាក់ទុនវិនិយោគក្នុងវិស័យឧបករណ៍អគ្គិសនីនៅក្នុងប្រទេសកម្ពុជា។
តាមការចាប់អារម្មណ៍ខាងលើនេះ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគម ដឹកនាំដោយលោក Ting Sik Wa Thomas ជាប្រធានសមាគម។

បើតាមជំនួបនេះ នាព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ តបតាមសំណើរបស់សមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិកហុងកុង ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនជាសមាជិកចំនួន ១០ផ្សេងទៀត បានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារនេះដែរ។

ក្នុងជំនួប លោក នុត អ៊ុនវ័ណរ៉ា បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមដែលបានរៀបចំកម្មវិធីការងារអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាដើម្បីស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគរបស់កម្ពុជា។

លោក បានជម្រាបជូនគណៈប្រតិភូដោយសង្ខេបអំពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគ្នានេះ ច្បាប់ស្តីពីវិនិយោគ, ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក, ការលើកទឹកចិត្តវិនិយោគ, សក្តានុពលក្នុងវិស័យផលិតកម្មឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក, និងស្ថានភាពបច្ចុប្បន្ននៃការវិនិយោគក្នុងវិស័យឧបករណ៍អគ្គិសនី និងអេឡិចត្រូនិកនៅកម្ពុជា។

នាឱកាសនោះ លោក ក៏បានស្នើដល់សមាគម ធ្វើការពិចារណាក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។
ក្នុងជំនួបនេះដែរ តំណាងសមាគមក៏បានលើកឡើងថា កម្ពុជាជាប្រទេសសក្តានុពលមួយក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស សម្រាប់អ្នកវិនិយោគហុងកុងដែលកំពុងសម្លឹងរកទីតាំងសមស្របមកធ្វើការបណ្តាក់ទុន។

តំណាងសមាគម បានគូសបញ្ជាក់ថា តាមរយៈនៃជំនួបពិភាក្សានាពេលព្រឹកនេះ បានផ្តល់នូវព័ត៌មានជាច្រើនដល់គណៈប្រតិភូបានស្វែងយល់បន្ថែមពីសក្តានុពលនៃការវិនិយោគ និងការរីកចម្រើននៅកម្ពុជានាពេលនេះ។

ក្នុងឱកាសនោះ តំណាងសមាគម ក៏បានសំណូមពរដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបន្តផ្តល់កិច្ចសហការជាមួយសមាគមដើម្បីលើកកម្ពស់ការទាក់ទាញវិនិយោគហុងកុងក្នុងវិស័យអគ្គិសនីនិងអេឡិចត្រូនិកមកកម្ពុជា។

បណ្តាសមាជិកសមាគម បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការបណ្តាក់ទុនវិនិយោគក្នុងវិស័យឧបករណ៍អគ្គិសនីនៅក្នុងប្រទេសកម្ពុជាដោយបានលើកឡើងនូវសំណួរជាច្រើន។

គួរបញ្ជាក់ផងដែរ ថាគិតមកត្រឹមថ្ងៃនេះ សមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិក ហុងកុងមានសមាជិកចំនួន ២០២ក្រុមហ៊ុន។ សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ក្នុងនាមជាស្ថាប័នឯករាជ្យមិនរកប្រាក់ចំណេញ ដើម្បីធ្វើជាក្រុមតំណាងឱ្យឧស្សាហកម្មឧបករណ៍អគ្គិសនីហុងកុង៕



ដោយ៖ មឿន ឌីណា (Moeun Dyna)