Register Already an agent ? Login

លោក ជា វុទ្ធី លើកទឹកចិត្តឱ្យក្រុមហ៊ុនចិន រួសរាន់សម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគដើម្បីឆាប់ទទួលបានផលចំណេញ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន China Minsheng Stone Industry Group រួសរាន់សម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគដើម្បីឆាប់ទទួលបានផលចំណេញ និងបានជំរុញឱ្យក្រុមហ៊ុនខិតខំប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។

តាមការជំរុញ និងលើកទឹកចិត្តនេះ លោក ជា វុទ្ធី និងសហការី បានទទួលជួបពិភាក្សាការងារជាមួយ លោក Mai Jianglong អនុប្រធានក្រុមហ៊ុន China Minsheng Stone Industry Group មកពីទីក្រុងស៊ាមិន ប្រទេសចុន។

ជំនួបនេះ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគកែច្នៃថ្មម៉ាប និងផលិតថ្មម៉ាបសិប្បនិម្មិតនៅកម្ពុជា។

អគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងបានជម្រាបជូនក្រុមហ៊ុនពីបរិស្ថានវិនិយោគនៅកម្ពុជាដែលពោរពេញដោយភាពអំណោយផល។

ពិសេស របបលើកទឹកចិត្តវិនិយោគ និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាលដែលបានបន្តដាក់ចេញសំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរទ្បើង និងកាន់តែមានភាពទាក់ទាញ។ ជាការគូសបញ្ជាក់ លោក ជា វុទ្ធី។

នាឱកាសនោះ លោក បានលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគដើម្បីឆាប់ទទួលបានផលចំណេញ និងបានជំរុញឱ្យក្រុមហ៊ុនខិតខំប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យអស់សមត្ថភាពដើម្បីចូលរួមបង្កើតតម្លៃបន្ថែម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)