
តាកែវ៖ វឌ្ឍនភាពគម្រោងស្តារប្រឡាយមេរំដោះទឹកស្រះកែវ មានសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សា-ប្រាំង-ដំណាំរួមផ្សំចំនួន ១៧០០ហិកតា ដល់ប្រជាកសិករប្រមាណ ៣៩៩១គ្រួសារ ក្នុងភូមិចំនួន១០ នៃឃុំសូភី និងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នាមតំណាង រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារស្តារប្រឡាយមេរំដោះទឹកស្រះកែវ ស្ថិតនៅឃុំសូភី និងឃុំកុមារាជា ក្នុងស្រុកបាទី ខេត្តតាកែវ។

តាមការចុះពិនិត្យនេះ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោកប្រធាន បានឱ្យដឹងថា ការងារសំខាន់ៗរបស់គម្រោងស្តារប្រឡាយមេរំដោះទឹកស្រះកែវ រួមមាន៖ ១-ស្តារប្រឡាយមេរំដោះទឹកស្រះកែវ ប្រវែង ៤៦០០ម៉ែត្រ និង ២-សាងសង់សំណង់សិល្បការ្យសរុបចំនួន ១៥កន្លែង។ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារដីសម្រេចបាន ១៥% និងការងារសំណង់ មិនទាន់បានអនុវត្ត។

បើតាម លោកប្រធាននាយកដ្ឋានវិស្វកម្ម បានបញ្ជាក់ឱ្យថា គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១១២០ហិកតា រដូវប្រាំងចំនួន ៥៦០ហិកតា និងដំណាំរួមផ្សំ ២០ហិកតា ជូនដល់ ប្រជាកសិករប្រមាណ ៣៩៩១គ្រួសារ ក្នុងភូមិចំនួន១០ នៃឃុំសូភី និងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

ប្រឡាយមេរំដោះទឹកស្រះកែវនេះគឺមានប្រភពទឹកពីប្រឡាយរលាំងជ្រៃខាងត្បូង ដែលមានសក្តានុពលជួយរំដោះទឹកជំនន់ពីផ្លូវជាតិលេខ៣នៅទីតាំងផ្សាត្រាំខ្នា ហើយភ្លឺប្រឡាយដើតួនាទីយ៉ាងសំខានជាផ្លូវគមនាគមន៍ដែលជួយកាត់បន្ថយចរាចរនៅទីតាំងផ្សារត្រាំខ្នា។ ជាការបន្ត លោកប្រធាន។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក៕






ដោយ៖ មឿន ឌីណា (Moeun Dyna)