
ត្បូងឃ្មុំ-ខេត្តកំពង់ចាម៖ សម្ដេចធិបតី នាយករដ្ឋមន្រ្តី នឹងអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១C មានប្រវែង ១១៤,៦២គីឡូម៉ែត្រ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្សារចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម ឆ្លងកាត់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ទៅកាន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ។
លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគម្រោងសាងសង់ផ្លូវជាតិលេខ៧១សេ ដែលដឹកនាំដោយ លោក យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី។

តាមការចុះពិនិត្យនេះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក៏មានការចូលរួមផងដែរពីអាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគម្រោង ក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីខាងលើអាចប្រព្រឹត្តទៅបានយ៉ាងរលូនតាមផែនការ ដែលបានគ្រោងទុក។

ថ្លែងក្នុងឱកាសចុះពិនិត្យនេះ លោក រដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារទទួលបន្ទុកគ្រប់ផ្នែកពាក់ព័ន្ធត្រៀមរៀបចំបំពេញភារកិច្ចរបស់ខ្លួននីមួយៗឱ្យបានច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីញ៉ាំងឱ្យថ្ងៃដំណើរការកម្មវិធីនាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

សូមរម្លឹកផងដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ៧១C សម្ពោធបើកការដ្ឋានជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នំា២០២១ ស្របពេលបើកសម្ពោធប្រើប្រាស់ជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។

ផ្លូវជាតិ៧១C ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់ សៀងហៃគ្រុប និងប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវ វ៉ាងអាន ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ១២៩,៩៨លានដុល្លារ

គូសបញ្ជាក់ថា ផ្លូវនេះ នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា ដែលអាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង៕




ដោយ៖ មឿន ឌីណា (Moeun Dyna)