
កំពង់ធំ៖ វឌ្ឍនភាពការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយអូរជីម៉ាស់ និងប្រព័ន្ធធារាសាស្ត្រប្រឡាយទំពេជ ក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលបានពីរទៅបីដងក្នុងមួយឆ្នាំ លើផ្ទៃដីប្រាំង-វស្សា ៤,២៧៧ហិកតា ដល់ប្រជាពលរដ្ឋ ១,៩១៥គ្រួសារ។
លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងនាមតំណាង រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយអូរជីម៉ាស់ និងប្រព័ន្ធធារាសាស្ត្រប្រឡាយទំពេជ ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

បើតាម លោក លោក ផាង វី ការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយអូរជីម៉ាស់ ស្តារប្រទ្បាយមេ ទី១-ខ្សែ ប្រវែង ៦៩២០ម៉ែត្រ ទី២-សំណង់សិល្បការ្យសរុប ១៤កន្លែង ដែលគិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៤៥%។

ចំណែក ការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយទំពេជ ទី១-ស្តារប្រទ្បាយមេ ១ខ្សែ ប្រវែង ៤៣០០ម៉ែត្រ និងទី២-សំណង់សិល្បការ្យសរុប ៥កន្លែង ដែលគិតមកដល់ពេលនេះការងារសម្រេចបានប្រមាណ ៤០%។ ជាការបន្ត លោកប្រធាន។

ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តប្រឡាយអូរជីម៉ាស់ មានតួនាទីសំខាន់ក្នុងការបញ្ចៀសទឹកជំនន់ពីទីរួមស្រុកស្ទោង និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលបានពីរទៅបីដងក្នុងមួយឆ្នាំ លើផ្ទៃដីស្រូវវស្សាប្រមាណ ១០៥០ហិកតា ស្រូវប្រាំង ៨៤២ហិកតា និងដំណាំរួមផ្សំដទៃទៀត ព្រមទាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណ ១៥២៨គ្រួសារ។

លោក បានបន្តថា ទន្ទឹមនឹងនេះ ប្រព័ន្ធធារាសាស្ត្រប្រឡាយទំពេជ បម្រើឱ្យប្រជាពលរដ្ឋប្រមាណ ២៨៧គ្រួសារ និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលបានពីរទៅបីដងក្នុងមួយឆ្នាំលើផ្ទៃដីស្រូវវស្សាប្រមាណ ១៥០០ហិកតា ស្រូវប្រាំង ៨៨៥ហិកតា និងដំណាំរួមផ្សំដទៃទៀត៕





ដោយ៖ មឿន ឌីណា (Moeun Dyna)