
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង និងគម្រោងបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១គម្រោង មានទុនវិនិយោគសរុបប្រមាណ ១០៤លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៤,៤ពាន់កន្លែង នៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ ព្រះសីហនុ និងស្ទឹងត្រែង។
បើតាមកិច្ចប្រជុំខាលើ ដឹកនាំដោយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ហើយក៏មានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធផងដែរ។
“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៥ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង និងគម្រោងបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១គម្រោង។
រូមមាន៖ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (កែច្នៃឈើដាំដុះក្នុងស្រុកគ្រប់ប្រភេទ, ផលិតបរិក្ខារអគ្គិសនីបំភ្លឺនិងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតអំពូលលម្អនិងគ្រឿងបន្ទាប់បន្សំអគ្គិសនី, ផលិតអំពូលភ្លើងគ្រប់ប្រភេទ, ផលិតគ្រឿងអេទ្បិចត្រូនិកនិងសម្ភារៈបរិក្ខារបន្ទាប់បន្សំគ្រប់ប្រភេទ។
ផ្គុំដំទ្បើងគ្រឿងអេទ្បិចត្រូនិកគ្រប់ប្រភេទ, ផលិតគ្រឿងបង្គុំឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុ, ផលិតផលិតផលពីក្រដាស, ផលិតឧបករណ៍បរិក្ខារពេទ្យ, ផលិតគ្រឿងបង្គុំឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហធាតុ, និងការបន្ថែមមុខសញ្ញាបោកគក់សម្លៀកបំពាក់)។
វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង (បង្កើតមន្ទីរពេទ្យ និងមន្ទីរពហុព្យាបាលជំងឺចំនួន៨០គ្រែ) និងវិស័យទេសចរណ៍ចំនួន ១គម្រោង (បង្កើតរមណីយដ្ឋានចម្រុះ) ដោយបានបោះទីតាំងវិនិយោគនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ ព្រះសីហនុ និងស្ទឹងត្រែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)