
កណ្ដាល៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ខេត្តកណ្ដាល ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)។ ខណៈ ខេត្តកណ្តាលមានខ្នងផ្ទះសរុបចំនួនជាង ២,៧សែនខ្នង មានអ្នកស្នាក់នៅជាក់ស្ដែងសរុបចំនួនជាង ២,៦សែនខ្នងផ្ទះ ក្នុងនោះ ខ្នងផ្ទះប្រើប្រាស់បង្គន់មានការកែលម្អ ១០០%
លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ខេត្តកណ្ដាល ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ថា ខេត្តកណ្តាលមានខ្នងផ្ទះសរុបចំនួន ២៧០ ៣០០ខ្នងផ្ទះ ដែលមានអ្នកស្នាក់នៅជាក់ស្ដែងសរុបចំនួន ២៦៨ ០៩២ខ្នងផ្ទះ។

ក្នុងនោះ ខ្នងផ្ទះដែលបានប្រើប្រាស់បង្គន់ដែលមានការកែលម្អ ១០០% រួមមាន ខ្នងផ្ទះប្រើប្រាស់បង្គន់កែលម្អផ្ទាល់ខ្លួនមាន ២៦៤ ៥៥៨ខ្នងផ្ទះ ស្មើនឹង ៩៨,៧% ខ្នងផ្ទះប្រើបង្គន់រួមមានចំនួន ៣ ៥៣៤ខ្នងផ្ទះ ស្មើនឹង ១,៣%។ ដោយឡែក ចំនួនក្រុង-ស្រុក ODF+ មានចំនួន ១៣ក្រុង-ស្រុក ស្មើនឹង ១០០%, ចំនួន ឃុំ-សង្កាត់ ODF+ មានចំនួន ១២៧ ឃុំ-សង្កាត់ ស្មើនឹង ១០០%, និងចំនួន ភូមិ ODF+ មានចំនួន ១ ០១០ភូមិ ស្មើនឹង ១០០%។ ជាការថ្លែងបន្ត លោក គួច ចំរើន។

វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដែលមានការរីកចម្រើន ក៏ដូចជាវិស័យផ្សេងៗទៀតក្នុងខេត្តផងដែរ ពោលគឺ សេវាផ្គត់ផ្គង់ទឹកស្អាតសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ផងដែរ។ បើតាមរបាយការណ៍ អភិបាលខេត្តកណ្ដាល បានលើកឡើងនាពិធីនេះ។

លោក ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីនេះ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តកណ្ដាលសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ។

លោក បានថ្លែងបន្តថា ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ពេលនេះ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅតែបន្តការចូលរួមយ៉ាងសកម្ម និងជំរុញការងារផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេស គឺការរិះរកយន្តការរក្សាឱ្យបាននូវនិរន្តរភាព ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ODF+។

ពាក់ព័ន្ធនឹងកម្មវិធីទឹកស្អាត និងអនាម័យ លោក រដ្ឋមន្រ្ដី បានបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ហើយគិតមកដល់ពេលនេះ អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសសម្រេចបាន ៨៩.៩០%។

លោក បានបន្ថែមថា ក្នុងនោះ ការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៧.៤០% ខណៈ ការផ្តល់សេវាអនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩២.៤០% ហើយនៅត្រឹមឆ្នាំ២០៣០ ក្រសួងបានដាក់ផែនការសម្រេចអាត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យនៅទូទាំងប្រទេសឱ្យបាន ១០០%។

គួររម្លឹកផងដែរថា ខេត្តកណ្ដាលត្រូវបានប្រកាសជាខេត្តសម្រេចការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ហើយជ័យលាភីខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS)នេះ គឺជាខេត្តទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានធ្វើពិធីប្រកាសកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤៕

ដោយ៖ មឿន ឌីណា (Moeun Dyna)