
ភ្នំពេញ៖ ទិន្នផលស្វាយចន្ទី ឆ្នាំ២០២៥នេះ នឹងអាចធ្លាក់ចុះក្នុងរង្វង់ពី១០% ទៅ៣០% បើធៀបនឹងឆ្នាំ២០២៤ ដោយនឹងអាចទទួលទិន្នផលបានចន្លោះពី ៦០ម៉ឺនតោន ទៅ៨០ម៉ឺនតោនប៉ុណ្ណោះ។ តាមការព្យាករ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត។
បើតាម លោក អួន ស៊ីឡុត រយៈពេល៣ខែនៃការប្រមូលផលស្វាយចន្ទី ក្នុងដើមឆ្នាំ២០២៥នេះ ទិន្នផលស្វាយចន្ទីបានធ្លាក់ចុះប្រមាណ ២៣%។ លោក បានបញ្ជាក់ថា ការធ្លាក់ចុះទិន្នផលនៃ គឺបណ្តាលមកពីការអូសបន្លាយនៃអាកាសធាតុត្រជាក់ ដែលធ្វើឱ្យស្វាយចន្ទីគាំងក្តឹប ក្នុងអំឡុងពេលចន្ទីចេញផ្កានៅចន្លោះខែមករា ដល់ខែកុម្ភៈ និងបញ្ហាភ្លៀងកក់ខែនៅខែមីនា បានធ្វើឱ្យខូចផ្កា និងខូចក្តឹបច្រើន។

លោក បានបន្តថា ពីព្រោះស្វាយចន្ទី គឺជាដំណាំដែលត្រូវការអាកាសធាតុក្តៅ ប្រសិនបើត្រូវភ្លៀងនឹងធ្វើឱ្យផ្កា និងក្ដឹបខូច ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់គុណភាពគ្រាប់ផងដែរ។
តម្លៃគ្រាប់ស្វាយចន្ទីស្រស់ បានធ្លាក់ចុះពី ៦០០០រៀល មកត្រឹមរង្វង់ ៤៤០០រៀល ទៅ៤៨០០រៀលក្នុងមួយគីឡូក្រាមកាលពីដើមខែមីនា (ចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី៦) មកទល់បច្ចុប្បន្ន តម្លៃគ្រាប់ស្វាយចន្ទីហាក់មានស្ថេរភាពល្អ ដោយរក្សាបានតម្លៃជាមធ្យម ៥២០០រៀលក្នុងមួយគីឡូក្រាម។ បើតាមការឱ្យដឹងពី លោកប្រធាន បន្តថា នៅចុងខែមីនានេះ បានងើបឡើងដល់ដល់ ៥៦០០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃល្អមួយដែលកសិករទូទៅអាចទទួលយកបាន។

ការរក្សាបាននូវស្ថេរភាពល្អនៃតម្លៃគ្រាប់ស្វាយចន្ទីនេះ ដោយសារតែ គ្រាប់ស្វាយចន្ទីកម្ពុជានៅតែមានគុណភាពល្អ បើទោះបីជារងផលប៉ះពាល់ពីបញ្ហាអាកាស ដែលធ្វើឱ្យទិន្នផលធ្លាក់ចុះក៏ដោយ។ បើតាមការគូសបញ្ជាក់ លោក អួន ស៊ីឡុត។
លោក បានបន្តទៀតថា ការរក្សាបាននូវស្ថេរភាពល្អនេះ សមាគមស្វាយចន្ទីកម្ពុជា បានដាក់ចេញនូវវិធានការ៣ រួមមាន៖ ១-ការរៀបចំជំនួបធុរកិច្ចរវាងក្រុមហ៊ុនបញ្ជាទិញគ្រាប់ស្វាយចន្ទី ដើម្បីជំរុញឱ្យក្រុមហ៊ុនក្នុងស្រុកបញ្ជាទិញគ្រាប់ស្វាយចន្ទី ពីកសិករនៅពេលមានការធ្លាក់ចុះខុសប្រក្រតី ។
ទី២-ជំរុញឱ្យសមាជិកសមាគម ដែលដឹកគ្រាប់ស្រស់ទៅលក់តាមព្រំដែន ត្រូវការផ្អាក ដឹកនាំទៅលក់នៅតាមព្រំដែនបណ្តោះអាសន្ន នៅពេលដែលគ្រាប់ស្វាយចន្ទីនៅតាមព្រំដែនធ្លាក់ថ្លៃខ្លាំង ដោយបង្វែមកហាលសម្ងួតវិញ ដើម្បីកុំឱ្យគ្រាប់ឆៅជុញ នៅតាមព្រំដែនខ្លាំងពេក និងទី៣-សមាគមបានលើកទឹកចិត្តឱ្យកសិករ ដែលមានធនធានហាលគ្រាប់ទុក សម្រាប់បញ្ចេញលក់នៅពេលក្រោយ ដើម្បីកុំឱ្យលក់គ្រាប់ស្រស់ប្រជែងជាមួយកសិករខ្នាតតូច។

ក្រសួងកសិកកម្ម និងក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវវិធានការជាច្រើន ក្នុងការជួយទប់តម្លៃឱ្យមានស្ថេរភាព ខណៈដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានជួយបញ្ចេញទុនកម្ចីដល់ ក្រុមហ៊ុន សហគ្រាសក្នុងស្រុក សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទីស្តុកទុកផងដែរ។ កត្តាលីករទាំងនេះហើយដែលធ្វើឱ្យតម្លៃគ្រាប់ស្វាយចចន្ទីនៅរក្សាស្ថេរភាព។ ជាការបន្ថែម លោកប្រធាន។
គួររម្លឹកផងដែរថា យោងតាមទិន្នន័យសមាគមស្វាយចន្ទីកម្ពុជា បានកត់ត្រាទាំងការនាំចេញផ្លូវការ និងក្រៅផ្លូវ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន ៨៥ម៉ឺនតោន កើន ២៦% ធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងពិភពលោក។

ក្នុងនោះ កម្ពុជាបានចេញគ្រាប់ឆៅ ចំនួន ៨១ ៥០០០តោន កើន ២១% ទទួលបានថវិកាចំនួន ១ ១៥០លានដុល្លារ កើន ២៦.១៥%។ ដោយឡែក នាំចេញទៅវៀតណាម មានចំនួនជាង ៧៩ម៉ឺនតោន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)