Register Already an agent ? Login

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន៩៨,១៦% ខណៈស្ពានខ្ពស់ជាគេ៩៨,២% នឹងបើកបណ្តោះអាសន្នចូលឆ្នាំខ្មែរ

កោះកុង៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត-វាលវែង-កោះកុង សម្រេចបានលទ្ធផលជារួម ៩៨,១៦% ហើយ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៥នេះ ខណៈ ស្ពានខ្ពស់ជាគេនៃគម្រោងនេះ សម្រេចបានប្រមាណ ៩៨,២% ផងដែរ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន បុណ្យចូលឆ្នាំខ្មែរ។

គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៥ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពី សំឡូត-វាលវែង-កោះកុង សម្រេចបានលទ្ធផលជារួម ៩៨,១៦% ហើយ។ បើតាម លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងនេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារការសាងសង់ ដោយមានការចូលរួមពី ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

តាមការចុះពិនិត្យនេះ នាថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ នាយកគម្រោងនេះ បានឱ្យដឹងទៀតថា ស្ពានខ្ពស់ជាគេមានកម្ពស់ ៩០ម៉ែត្រ ប្រវែង ៥៣៨ម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៩៨,២% ផងដែរ។ លោក បានបញ្ជាក់ថា នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

បើតាម នាយកគម្រោងនេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ក៏មានស្ថាបនាលូគ្រប់ប្រភេទសរុបចំនួន ៤៧៨កន្លែង និងស្ពានចំនួន ៣២ស្ពាន ហើយស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាគេមានកម្ពស់ ៩០ម៉ែត្រ។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៧,៣៦គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)