Register Already an agent ? Login

គម្រោងវិនិយោគចំនួន១១២ ទុនជាង១ប៊ីលានដុល្លារ ចិនបានរួមចំណែកជិត៨០% នៃទុនវិនិយោគសរុប ២ខែដើមឆ្នាំ២០២៥

ភ្នំពេញ៖ ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន១១២ ក្នុងទុនវិនិយោគជាង ១ប៊ីលានដុល្លារ។ ជាការលើកឡើង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានគូសបញ្ជាក់ថា ហើយការវិនិយោគមកពីប្រទេសចិនបានរួមចំណែកដល់ទៅប្រមាណជិត ៨០% នៃទុនវិនិយោគសរុប។

តាមការបញ្ជាក់ លោក ជា វុទ្ធី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូដឹកនាំដោយលោក ជីន សាងជីន អនុប្រធានមន្ទីរកិច្ចការបរទេសនៃខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

អគ្គលេខាធិការ បានមានមតិស្វាគមន៍ និងលើកទ្បើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា និងចិនដោយរដ្ឋាភិបាលចិនតែងតែជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ លោក បានថ្លែងអំណរគុណដល់រខេត្តជាំងស៊ូដែលជារឿយៗតែងតែជំរុញវិនិយោគិននៅក្នុងខេត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ជាក់ស្តែង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុគឺជាសក្ខីភាពដ៏អស្ចារ្យមួយ ដែលបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនេះមានក្រុមហ៊ុនវិនិយោគរហូតដល់ទៅប្រមាណជិត២០០ ហើយក៏មានការបណ្តាក់ទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀតស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលជាប្រភពទុនវិនិយោគមកពីខេត្តជាំងស៊ូ ផងដែរ។ ជាការបន្ត លោក ជា វុទ្ធី។

លោក ជា វុទ្ធី បានលើកឡើងពីស្ថានភាពវិនិយោគនៅកម្ពុជាដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយ។ លោក បានគូសបញ្ជាក់ថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន១១២ ក្នុងទុនវិនិយោគប្រមាណជាង ១ប៊ីលានដុល្លារ ហើយការវិនិយោគមកពីប្រទេសចិនបានរួមចំណែកដល់ទៅប្រមាណជិត ៨០% នៃទុនវិនិយោគសរុប។

នាឱកាសនោះ អគ្គលេធិការ ក៏បានស្នើឱ្យខេត្តជាំងស៊ូធ្វើការគិតគូរក្នុងការបង្កើតតំបន់កសិ-ឧស្សាហកម្មមួយដើម្បីផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុកដែលផលិតសម្រាប់ធ្វើការនាំចេញ។ ពិសេស ឧស្សាហកម្មផលិតគ្រឿងសង្ហារិម និងឧស្សាហកម្មផលិតសំបកកង់រថយន្ត ដោយហេតុថាកម្ពុជាមានធនធានធម្មជាតិគ្រប់គ្រាន់ ប៉ុន្តែ បច្ចេកវិទ្យាសម្រាប់ធ្វើការផលិត ឬកែច្នៃនៅមានកម្រិតនៅឡើយ។

ក្នុងជំនួបនេះ លោក ជីន សាងជីន បានលើកឡើងថា ដោយកត់សម្គាល់ពីការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា និងបានអបអរសាទរចំពោះកំណើននៃការវិនិយោគមកកម្ពុជា ជាពិសេស ការវិនិយោគមកពីខេត្តជាំងស៊ូ។

លោក ជីន សាងជីន បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានមើលឃើញពីការរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ពិសេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែផ្តល់ការគាំទ្រដល់ដំណើរការរបស់តំបន់សេដ្ឋកិច្ចពិសេសនេះ ដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់។

លោក ក៏បានឯកភាពចំពោះសំណើរបស់អគ្គលេខាធិការក្នុងការពិចារណាបង្កើតតំបន់កសិ-ឧស្សាហកម្ម ធ្វើការផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជាសម្រាប់ផ្តត់ផ្គង់ដល់ឧស្សាហកម្មធំៗ ដើម្បីរួមចំណែកកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស សំដៅចូលរួមបង្កើតតម្លៃបន្ថែមក្នុងស្រុក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)