Register Already an agent ? Login

ប្រជាពលរដ្ឋចំនួន ៤ភូមិ ស្រុកប្រាសាទសំបូរ ខេត្តកំពងធំ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ១.២៧១បណ្ណ

កំពង់ធំ៖ លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន  ១.២៧១បណ្ណ ស្មើនឹង ៦៩៤គ្រួសារ ជូនប្រជាពលរដ្ឋ ៤ភូមិ នៃឃុំឈូក ក្នុងស្រុកប្រាសាទសំបូរ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្ងៃនេះ ជាការរួមចំណែក ការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលធ្វើឱ្យទំនាស់ដីធ្លីមានការថយចុះ ពង្រឹងនូវទីផ្សារដីធ្លី ព្រោះបើដីមានប្លង់កម្មសិទ្ធិគឺមានការពារដោយច្បាប់ ធានាដោយរដ្ឋ។ ជាការថ្លែង លោកស្រី ជា សិរី។

លោកស្រី ជា សិរី បានថ្លែងបន្តថា ប្រជាពលរដ្ឋអាចយកប្លង់ទៅប្រើប្រាស់ ទាញយកប្រយោជន៍ដើម្បីលើកស្ទួយជីវភាពគ្រួសារ ជាពិសេសការចូលរួមចំណែកបង្កើនចំណូល ថវិការដ្ឋតាមរយៈពន្ធប្រថាប់ត្រានិងការប្រមូលពន្ធប្រចាំឆ្នាំលើអចលនទ្រព្យផងដែរ។

នា​ឱកាសនោះ លោកស្រី បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមជាមួយក្រុមការងារបច្ចេកទេសរបស់មន្ទីរក្នុងការវាស់វែង បំពេញទិន្នន័យឱ្យបានគ្រប់ៗគ្នា ចៀសវាងក្រុមការងារវាស់វែងរួចសល់ដីរបស់បងប្អូនដាក់ជាដីគ្មានទិន្នន័យ។

ពិសេស ករណីមានទំនាស់រវាងអ្នកជាប់ព្រំគួររួមគ្នាដោះស្រាយតាមវិធីសាស្ត្រឈ្នះឈ្នះទាំងអស់គ្នា ដើម្បីយើងរស់នៅក្នុងភូមិឋានប្រកបដោយភាពសុខដុមរម្យនានឹងគ្នា និងបានសំណូមពរដល់មន្ទីរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្តខិតខំធ្វើយ៉ាងណាវាស់វែងឱ្យបានចប់សព្វគ្រប់ទូទាំងខេត្តតាមផែនការរបស់ក្រសួងក្នុងបំណាច់ឆ្នាំ២០២៥នេះ។ ជាការបន្ថែម អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។

លោក ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងការកោតសរសើរចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងក្រុមការងារចុះបញ្ជីដីធ្លី ដែលបានសម្រេចលទ្ធផលជាបន្តបន្ទាប់ក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី អ្នកកាន់កាប់ដី និងស្ថាប័នរដ្ឋ និងបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជូនប្រជាពលរដ្ឋស្ថាប័នរដ្ឋដែលបានអនុវត្តតាមនីតិវិធី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)