Register Already an agent ? Login

វឌ្ឍនភាពការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេកខេត្តព្រៃវែង ផ្ដល់ទឹកវស្សា-ប្រាំង១៧០០ហិកតា សម្រេចបាន២០%

ព្រៃវែង៖ វឌ្ឍនភាពការងារថែទាំខួបនៅប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក ក្នុងភូមិសាស្ត្រខេត្តព្រៃវែង មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១២០០ហិកតា និងស្រូវប្រាំងជិត ៥០០ហិកតា ព្រមទាំងដំណាំរួមផ្សំមួយចំនួនទៀត សម្រេចបានប្រមាណ ២០%។

លោក លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងនាមតំណាង រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង សហការជាមួយលោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារថែទាំខួបនៅប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។

លោក ផាង វី បានបញ្ជាក់ឱ្យដឹងថា នៅឆ្នាំ២០២៥នេះ ការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក រួមមាន៖ ទី១-ជួសជុលប្រឡាយមេប្រវែង ៣២០០ម៉ែត្រ ទី២-ជួសជុលសំណង់សិល្បការ្យលើប្រឡាយមេ ចំនួន ១៣កន្លែង និង ទី៣-សាងសង់សំណង់សិល្បការ្យថ្មីចំនួន ២កន្លែង។

លោក បានបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១២០០ហិកតា និងស្រូវប្រាំងជិត ៥០០ហិកតា ព្រមទាំងដំណាំរួមផ្សំមួយចំនួនទៀត។

នៅរសៀលថ្ងៃដដែល លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងក្រុមការងារបច្ចេកទេស បានបន្តចុះពិនិត្យមើលការងារថែទាំប្រចាំលើប្រព័ន្ធធារាសាស្រ្តវ៉ៃគោជំហាន១ ក្នុងខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោក បានគូសបញ្ជាក់ថា តបតាមការណែនាំ និងចង្អុលបង្ហាញ លោក ថោ ជេដ្ឋា ក្នុងការអនុវត្តការថែទាំប្រព័ន្ធធារាសាស្រ្តជាប្រចាំនៅទូទាំងប្រទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័កិ្តសិទ្ធិភាព និងនិរន្តរភាព ក្រុមការងារក្រសួងនិងមន្ទីរបាននិងកំពុងបន្តយកចិត្តទុកដាក់អនុវត្តការងារថែទាំប្រព័ន្ធធារាសាស្ត្រទៅតាមលក្ខណៈបច្ចេកទេស ដើម្បីធានានូវគុណភាពប្រើប្រាស់បានយូរអង្វែង។

គួរបញ្ជាក់ថា ការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រវ៉ៃគោជំហាន១ រួមមាន៖ ទី១-ប្រឡាយមេ ៣ខ្សែ ប្រវែងប្រមាណ ៧០គីឡូម៉ែត្រ និង ទី២-សំណង់សិល្បការ្យចំនួន ១១៦កន្លែង។ ប្រព័ន្ធធារាសាស្រ្តវៃគោ(ជំហាន១) លាតសន្ធឹងលើខេត្តចំនួន ៤គឺ៖ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុបចំនួន ១០៨៣០០ហិកតា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)