Register Already an agent ? Login

ខេត្តក្រចេះ មានក្បាលដីប៉ាន់ស្មានចុះបញ្ជីជាង២សែន វាស់វែងជិត២សែន មិនទាន់វាស់វែងជាង៣ម៉ឺន គ្រោងបញ្ចប់ឆ្នាំនេះ

ក្រចេះ៖ ខេត្តក្រចេះ មានក្បាលដីប៉ាន់ស្មានដែលត្រូវចុះបញ្ជីចំនួន ២២០,១០៦ក្បាលដី, ក្បាលដីបានវាស់វែងចំនួន ១៨៥,១១៩ក្បាលដី, ក្បាលដីបានវាស់វែងកំពុងបន្តនីតិវិធី ចំនួន ៨៩,៥១៥បណ្ណ/ក្បាលដី, ក្បាលដីមិនទាន់វាស់វែង ចំនួន ៣៤,៩៨៧បណ្ណ/ក្បាលដី។ បើតាមរបាយការណ៍លោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ។

បើតាមរបាយការណ៍ លោក អ៊ូ សុបុណ្ណកា បានលើកឡើង ក្នុងកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ចប់វិវាទដីធ្លី និងឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីនៅទូទាំងខេត្តក្រចេះ ដឹកនាំដោយ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។

លោក អ៊ូ សុបុណ្ណកា បានលើកឡើងបន្តថា ដោយឡែក សម្រាប់ក្បាលដីពុំទាន់វាស់វែង មានចំនួន ៣៤,៩៨៧បណ្ណ/ក្បាលដី ក្នុងនោះ គ្រោងប្រកាសតំបន់វិនិច្ឆ័យឱ្យបានចប់មុនបំណាច់ខែសីហា ឆ្នាំ២០២៥ និងគ្រោងវាស់វែងឱ្យបានចប់មុនបំណាច់ខែធ្នូ ឆ្នាំ២០២៥។

យោងតាមរបាយការណ៍របស់ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងថា ការដោះស្រាយវិវាទដីធ្លី រដ្ឋបាលខេត្តប្រើយន្តការក្រុមការងារចម្រុះថ្នាក់ខេត្ត ដឹកនាំដោយអភិបាលរងខេត្តទទួលបន្ទុកចំនួន ១រូប ជាប្រធានក្រុមការងារ និងមានការចូលរួមពីសមាសភាពមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងមានលេខាធិការដ្ឋានដោះស្រាយវិវាទដីធ្លីជាសេនាធិការគណៈកម្មការសុរិយោដី និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្រុង ស្រុក។

លោក វ៉ា ថន បានបន្តថា ជារួមគ្រប់យន្តការ និងការដោះស្រាយវិវាទដីធ្លីត្រូវបានពង្រឹងឱ្យមានសកម្មភាពរស់រវើកប្រកបដោយភាពទន់ភ្លន់ និងយកចិត្តទុកដាក់ខ្ពស់ដើម្បីខិតខំបញ្ចប់សំណុំរឿងវិវាទទាំងនោះ។ ជាក់ស្ដែង សំណុំរឿងវិវាទដីធ្លីក្នុងខេត្តត្រូវបានក្រុមការងារខេត្ត ស្រុក និងឃុំ សង្កាត់កំពុងបន្តដោះស្រាយជាបន្តបន្ទាប់។

 ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា លោក សាយ សំអាល់ បានថ្លែងថា កិច្ចប្រជុំនេះគឺជាឱកាសរួមគ្នាបញ្ចប់បញ្ហាវិវាទដីធ្លីនៅក្នុងខេត្តក្រចេះ និងឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីនាពេលខាងមុខ ដូច្នេះ សុំស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមរកដំណោះស្រាយឱ្យបានសមស្របលើបញ្ហាវិវាទដីធ្លីនីមួយៗ និងចុះបញ្ជីដីឱ្យបានចប់សព្វគ្រប់ដើម្បីបញ្ចប់ភាពចម្រូងចម្រាស់លើបញ្ហាដីធ្លី ក្នុងខេត្តក្រចេះទាំងមូល។

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចធិបតី ការងារចុះបញ្ជីដីធី្លជាបញ្ហាសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់។ ជាការថ្លែងបន្ត លោក សាយ សំអាល់ បានជំរុញដល់ក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចនេះឱ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានកំណត់ ជាពិសេស គឺការបន្តសកម្មភាពរៀបចំចុះបញ្ជីដីធ្លីឱ្យបានរួចរាល់ ប្រកបដោយប្រសិទ្ធភាព និងសុក្រឹត្យភាព។ 

គួរបញ្ជាក់ថា ក្នុងជំនួបពិភាក្សានេះមានគោលបំណងដោះស្រាយវិវាទដីធ្លី ដែលទាមទារការចូលរួមពីគ្រប់ថ្នាក់ដឹកនាំតាមបណ្តាក្រសួងស្ថាប័ន និងអាជ្ញាធរដែនដីពាក់ព័ន្ធ សំដៅដោះស្រាយការចុះបញ្ជីដីជូនប្រជាពលរដ្ឋ និងចុះបញ្ជីដីរដ្ឋ សំដៅធានាសុវត្ថិភាព ការគ្រប់គ្រង កាត់បន្ថយវិវាទដីធ្លី ជំរុញការផ្តល់សេវាសាធារណៈកាន់តែរហ័ស បង្កើតនូវបរិយាកាសគ្មានវិវាទ បិទបញ្ចប់ការវាស់វែង និងសំណុំរឿងពាក់ព័ន្ធដីធ្លីទូទាំងខេត្តក្រចេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)